(កណ្តាល)៖ សំណង់ខុសច្បាប់មួយខ្នង បានរលំបាក់ស្រុតចូលព្រែក ដោយសារសាងសង់នៅជាប់មាត់ព្រែក គ្មានបច្ចេកទេសត្រឹមត្រូវ ខណៈបានរលំស្រុត កាលពីវេលាទាបភ្លឺថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ នៅភូមិ-ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្ដាល។ ករណីនេះ មិនបណ្ដាលឲ្យមាននរណាម្នាក់របួសនោះទេ ព្រោះម្ចាស់ផ្ទះលោតចូលទឹក ហែលមកគោកទាន់ពេល។

អ្នកឃើញហេតុការណ៍ បានឲ្យអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលដឹងថា នៅពេលកើតហេតុនោះ យប់គេមើលអ្វីមិនច្បាស់ទេ គ្រាន់តែគេឃើញផ្ទះខាងលើ ស្រុតចុះបន្តិចម្ដងៗសន្សឹមៗ ទើបម្ចាស់ផ្ទះងើបពីដំណេក ដឹងខ្លួនរួចហែលទឹកចេញពីផ្ទះទាំងយប់។

លោក អ៊ូ សុផាត មេឃុំព្រែកក្មេង បានឲ្យដឹងថា ករណីនេះ គឺកើតឡើងដោយសាររន្ទះបាញ់ ខណៈម្ចាស់ផ្ទះឈ្មោះ ថោង ផល្លា កំពុងដេកក្នុងផ្ទះ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ទេ ព្រោះក្រោយពេលរន្ទះបាញ់រួច ម្ចាស់ផ្ទះបានរត់មកក្រោម ទើបផ្ទះនេះបាក់ស្រុត។

លោកមេឃុំ បន្តថា សំណង់នេះ ជាសំណង់ខុសច្បាប់ ដែលអាជ្ញាធរធ្លាប់ហាម ឃាត់ជាច្រើនសារមកហើយ ដល់ថ្នាក់មានបណ្តឹងទៅតុលាការថែមទៀតផង។

គួរបញ្ជាក់ថា នៅតំបន់ភូមិសាស្ត្រ ឃុំព្រែកក្មេង នេះមានការសាងសង់លំនៅដ្ឋានខុសច្បាប់ និងខុសបច្ចេកទេសច្រើនណាស់ ចាប់តាំងពីដើមព្រែករហូតដល់ចុងព្រែក ខណៈអ្នកសាងសង់សុទ្ធ តែនិយាយគ្រប់ៗគ្នាថា អាជ្ញាធរជាអ្នកអនុញ្ញាតឲ្យសាងសង់ ទើបពួកគាត់ហ៊ានសាងសង់បែបនេះ ប៉ុន្តែអាជ្ញាធរបែរជាបដិសេធទៅវិញ៕