(បាត់ដំបង)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់បងប្អូនជនពិការ តាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្ម ដោយឥតគិតថ្លៃ ការផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជម្រុញឱ្យទទួលបានការងារធ្វើ ការសម្របសម្រួលសមស្របសម្រាប់ជនពិការ និងការដាក់បញ្ចូលជនពិការទៅក្នុងសកម្មភាពសង្គម។

លោកបានបន្តថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍបានជម្រុញឱ្យជនពិការបានទទួលការគាំពារពីរាជរដ្ឋាភិបាល ដូចអ្វីដែលមាននៅទីនេះស្រាប់ គឺកម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្ររបស់មូលនិធិជនពិការនេះ គឺបានជួយលើកកម្ពស់ដល់ជីវភាពរបស់ជនពិការក្រីក្រ ក្នុងការរស់នៅប្រកបដោយសុខុមាលភាព និងសេចក្តីថ្លៃថ្នូរ។

ការលើកឡើងរបស់ លោក វង សូត បានធ្វើឡើងខណៈលោក និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ១ខ្នង របស់មូលនិធិជនពិការ ហៅកាត់ថា (ម.ជ.ព.) ជូនលោក ភា បឿន ជាជនពិការក្រីក្រនៅខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ។

ថ្លែងក្នុងកម្មវិធីនេះ លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានឱ្យដឹងថា កម្មវិធីសាងសង់ផ្ទះនេះគឺបានប្រើប្រាស់ថវិកាមួយផ្នែកពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ដោយអស់ថវិកាសរុបចំនួន១៤.២៨០.០០០រៀល ដោយឡែកថវិកាមួយផ្នែកទៀត កន្លងមក មូលនិធិជនពិការ បានប្រើប្រាស់លើការទិញអំណោយសប្បុរសធម៌សម្រាប់ផ្តល់ជូនដល់ជនពិការក្រីក្រចំនួន ៨៩១នាក់។

ក្នុងថ្ងៃនេះផងដែរ មូលនិធិជនពិការ ក៏បានផ្តល់អំណោយសប្បុរសធម៌មួយចំនួនដល់លោក ភា បឿន រួមមាន ថវិកា២០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ០២យួរ ទឹកស៊ីវអ៊ីវ០១យួរ ទឹកត្រី០១យួរ អំបិល០២កញ្ចប់ មី០១កេស មុង០១ ភួយ០១ កន្ទេល០១ និងសម្លៀកបំពាក់ ១កញ្ចប់។

បន្ថែមពីលើនោះ រដ្ឋមន្ត្រី វង សូត ក៏បានប្រគល់សោរផ្ទះជានិមិត្តរូបនៃការប្រគល់ផ្ទះ ជូនជនពិការក្រីក្រ និងបានផ្តល់ជូនថវិកា ដល់ប្រជាពលរដ្ឋដែលបានចូលរួម ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ៣០.០០០រៀល។

គួរបញ្ជាក់ថា មូលនិធិជនពិការ បានទទួលព័ត៌មានពីសាខា មូលនិធិជនពិការ ខេត្តបាត់ដំបង ដែលកន្លងមកបានសហការជាមួយអាជ្ញាធរឃុំជ្រោយស្តៅ ក្នុងការកំណត់លក្ខណៈវិនិច្ឆ័យរបស់លោក ភា បឿន។

តាមរបាយការណ៍របស់អាជ្ញាធរឃុំជ្រោយស្តៅ គឺលោក ភា បឿន អាយុ៥៧ឆ្នាំ បានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាក់ឆ្អឹងដៃម្ខាង និងឈឺរ៉ាំរ៉ៃរហូតដល់ធ្លាក់ខ្លួនពិការ រីឯប្រពន្ធបានស្លាប់ចោលអស់២០ឆ្នាំហើយ សព្វថ្ងៃរស់នៅជាមួយកូនពិការ ឈ្មោះ បឿន វេ ភេទប្រុស អាយុ២៨ឆ្នាំ ពិការពីកំណើតដោនស៊ីនដ្រូម និងម្រាមដៃ ម្រាមជើងជាប់គ្នា មានទីលំនៅក្នុងភូមិឃុំខាងលើ៕

Advertising