(ស្វាយរៀង)៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្តនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជំនួសលោក លឹម សៀងហេង ដែលត្រូវផ្លាស់ប្តូរឲ្យទៅបំរើការងារនៅអង្គភាពដើមវិញ។

ពិធីនេះ ក៏មានការចូលរួមពីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុងបាវិត លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ លោកប្រធានការិយាល័យគយ និងរដ្ឋាករ លោក លោកស្រី មន្ត្រីរាជការជាច្រើនរូបទៀត។

លោក ហែម ពិសិដ្ឋ បានផ្ដាំផ្ញើដល់លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលទើបទទួលបានការតែងតាំងថ្មី និងកងកម្លាំង មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នូវកិច្ចការ សំខាន់ៗមួយចំនួន ដូចជា៖

*ទី១៖ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងការបំពេញការងារ
*ទី២៖ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចឲ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
*ទី៣៖ ត្រូវខិតខំលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់គោលការណ៍នានា និងពង្រឹងរបៀបរបបធ្វើការតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយឈរលើគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ
*ទី៤៖ ត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ
*ទី៥៖ ត្រូវចៀសវាង និងនៅឲ្យឆ្ងាយពីអំពើពុករលួយ
*ទី៦៖ ត្រូវចៀសវាងឲ្យបាននូវសកម្មភាពដែលបង្កការលំបាកដល់អ្នកឆ្លងកាត់
*ទី៧៖ ត្រូវចូលរួមបង្កើនការសហការក្នុងចំណោមសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក៏ដូចជា សមត្ថកិច្ចព្រំដែននៃប្រទេសជិតខាង ក្នុងការថែរក្សា ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន បទល្មើសសេដ្ឋកិច្ច ការជួញដូរមនុស្ស និងទំនិញគេចពន្ធគ្រប់ប្រភេទ ការនាំចូលនូវទំនិញខុសច្បាប់ និងខូចគុណភាព ការលួចជ្រៀតចូល នៃជនបរទេសអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ជាដើម៕