(ភ្នំពេញ)៖ នៅចំពោះមុខលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោកស្រី ណិនណេត ម៉ូទូស (Nentte MOTUS) បានឯកភាពបន្តជួយដល់កម្ពុជា ពាក់ព័ន្ធពលករទេសន្តរប្រវេសន៍នេះ ដូចជាជួយបណ្តុះបណ្តាលជំនាញដល់ពលករ និងស្វែងរកការងារដល់ពួកគេថែមទៀត។

ការប្ដេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោក អ៉ិត សំហេង បានអនុញ្ញាតឱ្យលោកស្រី ណិនណេត ម៉ូទូស ដើម្បីពិភាក្សាការងារដែល IOM កំពុងអនុវត្តនៅកម្ពុជា និងក្នុងតំបន់ ព្រមទាំងផែនការសម្រាប់កិច្ចសហការ នាពេលអនាគតរវាងក្រសួងការងារ និងអង្គការ IOM នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ។

លោករដ្ឋមន្ត្រីបានអះអាងថា កម្ពុជាទទួលបានផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ យ៉ាងធំធេងផងដែរ មកដល់ពេលនេះ គោលនយោបាយទេសន្តរប្រវេសន៍ ពិតជាទទួលបានជោគជ័យ។ ភាពជោគជ័យនេះ គឺមិនអាចខ្វះបានពីការរួមចំណែកផ្នែកគាំទ្របច្ចេកទេស ពីសំណាក់អង្គការ IOM។

លោកថា «យើងបានចាប់ផ្តើមទាំងការលំបាក ឥលូវអាចនិយាយបានថាពលករ ដែលធ្វើការនៅក្រៅប្រទេស សុវត្ថិភាព ស្របច្បាប់ស្ទើរ ១០០ភាគរយ នោះក្នុងពលករកម្ពុជាចេញទៅធ្វើការនៅក្រៅ ១លាន២សែននាក់ យើងបានថែទាំ និងតាមគាំពារពួកគេជាប់ជានិច្ច»។

និយាយដូច្នេះ មិនមែនយើងមិនមានបញ្ហាប្រឈមនោះទេ បញ្ហាប្រឈមនានានៅតែមាន តែយើងនឹងបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាអស់ទាំងនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីបញ្ហាទេសន្តរប្រវេសន៍នេះតាំងពីដំបូង ដែលជួបការលំបាកខ្លាំង។

មកដល់បច្ចុប្បន្ន ការងារនេះបានក្លាយជា កាលានុវត្តភាពទៅវិញ។ ឧទាហរណ៍៖ ពលករនៅថៃជាង ១លាននាក់ កំពុងធ្វើការនៅទីនោះ (ទាំងស្របច្បាប់ ឬមិនស្របច្បាប់) ប៉ុន្តែកម្ពុជាបានធ្វើការងារនេះជាប្រព័ន្ធ ដោយមានការចូលរួមពីភាគីថៃ រហូតដល់ធ្វើឱ្យពលករខ្មែរ ក្លាយជាពលករស្របច្បាប់ផងដែរ។

លោកបានបន្ថែមថា កម្ពុជាបានកំពុងគិតពីបញ្ហាពលករនេះយ៉ាងខ្លាំង និងបានស្នើឱ្យ IOM បន្តធ្វើការងារទាក់ទងនឹងពលករទេសន្តរប្រវេសន៍ នេះ ពិសេសនោះជួយលើបញ្ហាចល័តភាពនៃរបបសន្តិសុខសង្គមឱ្យកាន់តែប្រសើរថែមទៀត។

លោកស្រីប្រធានអង្គការ IOM បានលើកឡើងពីការងារមួយចំនួនទាក់ទងនឹងបញ្ហាកិច្ចប្រតិបតិ្តការរវាងក្រសួងការងារជាមួយអង្គការ IOM និងជាមួយបណ្តាប្រទេសផ្សេងៗទៀត។

លោកស្រីក៏បានលើកឡើងពីគោលដៅអាទិភាពនៅក្នុងឆ្នាំ២០៣០ និងលើកពីទំនាក់ទំនងទេសន្តរប្រវេសន៍ពាក់ព័ន្ធនឹងពលករ និងការគ្រប់គ្រងពលករ រហូតដល់ពីទំនាក់ទំនងគ្រួសាររបស់ពលករផងដែរ។

លោកស្រី ណិនណេត ម៉ូទូស ក៏បានឯកភាពបន្តជួយការងារពាក់ព័ន្ធពលករទេសន្តរប្រវេសន៍នេះ ដូចជាជួយបណ្តុះបណ្តាលជំនាញដល់ពលករ និងស្វែងរកការងារដល់ពួកគេថែមទៀត៕