(ភ្នំពេញ)៖ វិនិយោគិនជប៉ុនមួយរូប ដែលបានបណ្តាក់ទុនរាប់រយលានដុល្លារនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៨មក បានបង្ហាញនូវការជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាល និងស្ថានភាពនយោបាយនៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីគម្រោងលំនៅឋានអារ៉ាខាវ៉ា ដែលវិនិយោគដោយជនជាតិជប៉ុន នូវទឹកប្រាក់ប្រមាណ៧០លានដុល្លារ, លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានបង្ហាញនូវការជឿជាក់លើសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជា ដោយសារតែរាជរដ្ឋាភិបាល ប្រកាសជំហរយ៉ាងមុតមាំ គាំទ្រវិនិយោគិនបរទេស ខណៈដែលច្បាប់វិនិយោគរបស់កម្ពុជា ក៏មានភាគទាក់ទាញផងដែរ។

(កុំអានដាក់វីដេអូ) លោក អាឡិច យ៉ាស៊ូម៉ូតូ ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានទំនុកចិត្តលើសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាគាំទ្រ យ៉ាងមុតមាំចំពោះវិនិយោគិនបរទេស និងកម្ពុជា មានស្ថានភាពនយោបាយរឹងមាំល្អ ធ្វើឲ្យខ្ញុំទុកចិត្ត និងវិនិយោគនៅកម្ពុជា។ ខ្ញុំនិយាយដោយស្មោះត្រង់ មុននឹងខ្ញុំមកវិនិយោគនៅកម្ពុជា ខ្ញុំបានស្វែងយល់ពីគោលនយោបាយ វិនិយោគនៅកម្ពុជា ខ្ញុំទុកចិត្តចំពោះកម្ពុជា»

សូមជម្រាបថា គម្រោងវិនិយោគលំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ជាលំនៅឋានស្តង់ដាជប៉ុនទីមួយនៅកម្ពុជា ទុនវិនិយោគ៧០លានដុល្លារ មានទីតាំងនៅកណ្តាលក្រុង និងមានតម្លៃសមរម្យ បានបើកដំណើរការសាងសង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ សម្រាប់ដំណាក់កាលទី១ សម្រេច៦០ភាគរយហើយ ដែលគ្រោងនឹងដាក់ដំណើរការ នៅចុងឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសជួបជាមួយវិនិយោគិនរបស់បរទេស តែងតែខិតខំទាក់ទាញអ្នកវិនិយោគបរទេសទាំងអស់ ឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា ធានានូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ការវិនិយោគផ្ទាល់ពីជប៉ុន គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ មានចំនួន១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ២.៥ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខាបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

ក្រៅពីគម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំងធំ ទាំងតូចចំនួនប្រមាណ១,៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យជាច្រើន ដូចជាវិស័យធនាគារ អាកាសចរណ៍ ភោជនីយដ្ឋានជាដើម។

ឆ្នាំ២០១៦ ការវិនិយោគទុនជប៉ុននៅកម្ពុជា មានចំនួន ៨២២លានដុល្លារ, ឆ្នាំ២០១៧ មានទុនវិនិយោគចំនួន ៦៣លានដុល្លារ និងឆ្នាំ២០១៨ មានទុនវិនិយោគចំនួន ៨៨៣លានដុល្លារ។ គម្រោងវិនិយោគរបស់ជប៉ុន មាននៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ មេនហាតធេនបាវិត តាយសេងបាវិត ដ្រេហ្គន់យើងបាវិត កំពង់ផែក្រុងព្រះសីហនុ សានកូប៉ោយប៉ែត និងនាងកុកកោះកុង៕