(ប៉េកាំង)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើសុំការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោងប្រចាំនៅប្រទេសចិន (China UNOPS) និងដៃគូសុខាភិបាលផ្សេងៗទៀត លើការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាបង្កើតនូវគម្រោងជំនួយ (grant project) ក្នុងការឆ្លើយតបជំងឺមិនឆ្លង ដោយប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាល តាមប្រព័ន្ធអេឡិចត្រូនិកឬឌីជីថល (digital or e-health) ។

ដោយនឹងធ្វើឡើងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងផ្សារភ្ជាប់ប្រព័ន្ធលើទូរស័ព្ទដៃសម្រាប់អ្នកជំងឺ និងប្រជាជនក្នុងសហគមន៍ អំពីការអប់រំការពារនិងហានិភ័យជំងឺមិនឆ្លង កត្តាប្រឈមជំងឺ ព្រមទាំងការពិនិត្យឲ្យបានដឹងជាមុននូវជំងឺមិនឆ្លង ដើម្បីស្វែងរកការព្យាបាលបានទាន់ពេលវេលា ដោយចាប់ផ្តើមពីជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដោយមានការសម្របសម្រួល ត្រួតពិនិត្យមើល តាមដាន និងវាយតម្លៃ ពីក្រសួងសុខាភិបាល។

ការស្នើសុំនេះ ទទួលបានការស្វាគមន៍ពី អង្គការ China UNOPS ដែលនឹងត្រូវមានការពិភាគ្សាគ្នាជាបន្តបន្ទាប់ទៀត សម្រាប់ការអភិវឌ្ឍន៍គម្រោងនាពេលខាងមុខ។

រួមគ្នាបង្កើតគម្រោងជំនួយ ក្នុងឱកាស លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួង សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល រួមមានមន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានការពារសុខភាព និងមន្ត្រីជាន់ខ្ពស់នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត អញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីអំពី “2019 International Life Science Summit” នៅទីក្រុងបៃដៃហឺ (Beidaihe) ខេត្តជីនហ័ងតាវ (Qinhuangdao) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានអ្នកចូលរួមជាថ្នាក់ដឹកនាំ មន្ត្រីជំនាញ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រសុខភាព អង្គការ China UNOPS និងភាគីពាក់ព័ន្ធ អន្តរជាតិផ្នែកជំងឺមិនឆ្លង សរុបចំនួនប្រមាណ២០០នាក់។

លោកស្រីរដ្ឋលេខាធិការ បានបង្ហាញពីស្ថានភាពនៃបន្ទុកជំងឺមិនឆ្លងនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ២០១៦-២០២០ របស់ក្រសួងសុខា ភិបាល ក្នុងនោះមានទាំងសកម្មភាពចំបងៗក្នុងការឆ្លើយតបទៅនឹងជំងឺមិនឆ្លងផងដែរ ។

លើសពីនេះ លោកស្រីបានលើកឡើងថា យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៨ គេបានប៉ាន់ប្រមាណថា ការស្លាប់ដោយសារជំងឺមិនឆ្លងមានប្រមាណ៦៤%នៃករណីស្លាប់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះ ជំងឺសរសៃឈាមបេះដូង ពោលគឺជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល(ស្ត្រូក) ជំងឺសរសៃឈាម និងសាច់ដុំបេះដូង បានបង្កឱ្យស្លាប់ ២៤% ជំងឺមហារីក ១៤% ជំងឺសួតរ៉ាំរ៉ៃ ៤% និងជំងឺទឹកនោមផ្អែម ២% នៃករណីស្លាប់ទាំងអស់។

រីឯអត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែម មានប្រមាណជា ២,៩% និងជំងឺលើសសម្ពាធឈាមមាន ១១,២% នៅលើមនុស្សពេញវ័យ។

ក្រសួងសុខាភិបាល បានអភិវឌ្ឍផែនការសកម្មភាពពហុវិស័យជាតិ ស្តីពីការការពារនិងការប្រយុទ្ធនឹងជំងឺ មិនឆ្លង ឆ្នាំ២០១៨-២០២៧ ដែលទទួលបាននូវការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តដាក់ឱ្យអនុវត្តចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ។

ផែនការយុទ្ធសាស្ត្រជាតិសម្រាប់បង្ការ និងត្រួតពិនិត្យជំងឺមិនឆ្លង ២០១៣-២០២០ ត្រូវបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ ដោយបានច្របាច់បញ្ចូលសកម្មភាពមួយចំនួនទៅក្នុងសំណុំសកម្មភាពអប្បបរមា នៅតាមមណ្ឌលសុខភាពផងដែរ។

ជាងនេះទៅទៀត លោកស្រីបានគូសបញ្ជាក់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលមិនអាចបំភ្លេចបាន នូវគុណបំណាច់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនអង្គពិធីទាំងមូល ជាពិសេសលោកស្រី បានសង្កត់ធ្ងន់ថា៖ សន្តិភាព និងស្ថេរភាពនយោបាយ ដែលទទួលបានតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាគន្លឹះសំខាន់បំផុតដែលមិនអាចខ្វះបាន នាំឲ្យព្រះរាជាណាចក្រកម្ពុជា អាចមានឱកាសអភិវឌ្ឍន៍បានយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ន។

ការកសាងប្រទេសកម្ពុជា គឺបានចាប់ផ្តើមចេញពីចំណុចសូន្យ ក្នុងនោះវិស័យសុខាភិបាល ជាវិស័យដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កម្ពុជា និងនៅថ្នាក់សកល (MDGs 4, 5 and 6) ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្រ្តីក្រោមឱវាទទាំងអស់។

លោកស្រីរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍នៃទំនាក់ទំនងល្អរវាង ចិននិងកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ” ក្នុងការបង្កើនសន្ទុះការកសាងសហគមន៍ និងជោគវាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ និងប្រទេសក្នុងតំបន់ ហើយវិស័យសុខាភិបាល ក៏ជាផ្នែកមួយដែលបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាបន្តបន្ទាប់លើការកសាងធនធានមនុស្ស ហេដ្ឋារចនាសម្ព័នរូបវ័ន្ត និងបច្ចេកវិទ្យាសុខាភិបាលផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋលេខាធិការ ព្រមទាំងគណៈប្រតិភូ បានចុះសិក្សាស្វែងយល់ ដកយកបទពិសោធន៍ល្អៗពីភាគីចិន ជាពិសេស បទពិសោធន៍ និងប្រព័ន្ធនៃការគ្រប់គ្រងជំងឺមិនឆ្លង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប ប្រព័ន្ធនៃការពិគ្រោះជំងឺតាមរយៈ e-Health និង Telemedicine ដែលអាចបង្កភាពងាយស្រួល ទាំងគ្រូពេទ្យ គិលានុដ្ឋាក-យិកា បុគ្គលិកពេទ្យ និងអ្នកជំងឺផ្ទាល់ ក្នុងការព្យាបាល តាមដាន និងគ្រប់គ្រងជំងឺនេះ នៅមន្ទីរពេទ្យ China National Petroleum Central Hospital នៅទីក្រុងឡាងហ្វាង (Langfang) នៃខេត្តហឺប៉ី (Hebei) និង Gem Flower Healthcare នៅទីក្រុងប៉េកាំង។

ទន្ទឹមនឹងនោះ លោកស្រីរដ្ឋលេខាធិការ និងគណៈប្រតិភូ បានជួបពិភាគ្សាជាមួយអ្នកជំនាញផ្នែកជំងឺមិន ឆ្លង ព្រមទាំងដៃគូអភិវឌ្ឍន៍សុខាភិបាលជាច្រើនទៀត ដើម្បីស្វែងរក និងកៀរគរធនធានសហប្រតិបត្តិការ បន្ថែមបែបជាជំនួយឥតសំណង (grant) ដើម្បីជម្រុញកិច្ចខិតខំប្រែងពិនិត្យ បង្ការ និងព្យាបាល តាមដានជំងឺមិនឆ្លង ដែលកំពុងក្លាយជាបន្ទុកបន្ថែមមួយទៀត ដល់សុខភាពសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Advertising