(សៀមរាប)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ «ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា» ដែលពិធីនេះក៏មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។

លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ការរៀបចំពិព័រណ៍ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌានេះឡើង ក្នុងបំណងរំឭកដល់ខួបនៃការកើតរបស់លោក មហាត្មៈ គន្ធី (១៨៦៩- ១៩៤៨) ដែលមកដល់ពេលនេះគឺមានរយៈពេល១៥០ឆ្នាំហើយ។

លោកស្រីបានបន្តថា ក្នុងនាមជាអ្នកដឹកនាំម្នាក់ លោក មហាត្មៈ គន្ធី បានកែប្រែជោគវាសនារបស់ប្រទេសមួយដែលមានប្រជាជនច្រើន មានពូជសាសន៍ ភាសា វប្បធម៌ និងវណ្ណៈខុសគ្នានៅលើទឹកដីមួយដ៏ធំធេង។

បដិវត្តន៍ដ៏អស្ចារ្យបំផុតប្រចាំសតវត្សរ៍ប្រឆាំងទៅនឹងការធ្វើអាណានិគម ការរើសអើងពូជសាសន៍ និងការកេងប្រវ័ញ្ចត្រូវបានធ្វើឡើង តាមរយៈការធ្វើបដិវត្តសម្លៀកបំពាក់ ដោយក្នុងនោះលោក មហាត្មៈ គន្ធី ដែលជាវីរបុរសឥណ្ឌា បានឱ្យប្រជាជនត្បាញក្រណាត់សម្រាប់ស្លៀកពាក់ដោយខ្លួនឯង ដោយមិនត្រូវលក់វត្ថុធាតុដើមឱ្យទៅប្រទេសអាណានិគមលើស្រុកខ្លួន ដែលគេផលិតដោយម៉ាស៊ីន រួចយកផលិតផលសម្រេចមកលក់ឱ្យប្រជាជនឥណ្ឌាវិញ ក្នុងតម្លៃថោកជាងផលិតផលក្នុងស្រុក។

ជាមួយគ្នានេះ លោកស្រី Manika Jain បានពន្យល់ទៀតថា ការស្លៀកពាក់គឺបង្ហាញពីខ្លួនឯងថាយើងជាអ្នកណា របៀបស្លៀកពាក់មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណខ្លួនយើងប៉ុណ្ណោះទេ តែវាបានបង្ហាញអាកប្បកិរិយា និងទំនាក់ទំនងរបស់យើងទៅអ្នកដទៃផងដែរ។

លោក ស៊ុន សេងហ៊ួត អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា កម្ពុជាមានមោទកភាពណាស់ ដែលស្ថានទូតឥណ្ឌាធ្វើពិព័រណ៍នេះឡើង ដែលបានបង្ហាញពីស្នាដៃ សិល្បៈត្បាញក្រណាត់ដ៏ទំនើបមួយ ដែលរក្សាបានជាយូរ និងជាគំនិតផ្តួចផ្តើមរបស់លោក មហាត្មៈ គន្ធី។

លោកថា វាជាការសំខាន់ដែលប្រជាជនមួយ ប្រើប្រាស់ផលិតផលដែលកើតចេញពីការខិតខំប្រឹងប្រែងដោយស្នាដៃប្រជាជនខ្លួនបែបនេះ ហើយនេះបង្ហាញពីការរក្សាប្រពៃណី ធ្វើបាននូវប្រភពគំនិតមួយរក្សាប្រពៃណី ប្រើប្រាស់របស់ឥណ្ឌា ដែលច្នៃដោយឥណ្ឌា។

គួរបញ្ជាក់ថា ពិព័រណ៍ជាលើកទី១នេះ រៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៤ ខែតុលា នៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលសាធារណជនអាចចូលទស្សនាបានដោយសេរី ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៧ល្ងាច៕

Advertising