(ក្រចេះ)៖ បន្ទាប់ពីលឺដំណឹងថា មានផ្ទះប្រជាពលរដ្ឋនៅភូមិកណ្ដាលកោះកណ្ដុរ និងភូមិកណ្ដាលឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បាក់ និងប្រឈមបាក់ស្រុតចូលក្នុងទន្លេ ដោយសារបាក់ច្រាំងទន្លេនោះ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលផ្ទាល់ពីស្ថានភាពនេះ ព្រមទាំងជួយអន្តរាគមន៍ផងដែរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាឲ្យកងកម្លាំងប្រដាក់អាវុធរបស់ខេត្ដ និងស្រុក សហការគ្នាជួយរុះរើផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងបញ្ចៀសប្រជាជនឲ្យចេញពីទីនោះ ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ ដល់អាយុវីជិត។

ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានប្រកាសឲ្យប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់នោះ ត្រៀមលក្ខណៈសម្បត្ដិរុះរើស ព្រោះលោកសង្កេតឃើញថា ខាងក្រោយផ្ទះរបស់ពួកគាត់ មានការប្រេះស្រាំដីជាបន្ដបន្ទាប់។ លោកទេសរដ្ឋមន្ដ្រី ក៏បានឲ្យក្រុមការងារសិក្សាស្រាវជ្រាវ រកមូលហេតុអ្វី បានវាធ្វើឲ្យស្រុតដី និងបាក់ច្រាំង ជាបន្ដបន្ទាប់យ៉ាងដូច្នេះ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ ផ្ទះប្រជាពលចំនួន ១២ខ្នង នៅភូមិកណ្ដាលកោះកណ្ដុរ និងភូមិកណ្ដាលឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ប្រឈមបាក់ស្រុតចូលក្នុងទន្លេ ដោយសារបាក់ច្រាំងទន្លេ ក្នុងនោះ មានផ្ទះ១ខ្នង បានបាក់ចូលក្នុងទន្លេទាំងស្រុង ខណៈអាជ្ញាធរ និងកម្លាំងនគរបាល នាំកម្លាំងចុះជួយរុះរើ ដើម្បីកំឲ្យបាក់ចូលក្នុងទន្លេ។

លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ប្រឈមបាក់ស្រុតចូលក្នុងទន្លេ បើសិនជាមិនរុះរើទាន់ពេល ក្នុងនោះផ្ទះមួយខ្នង បាក់ស្រុតចូលក្នុងទន្លេទាំងស្រុង ហើយផ្ទះជាច្រើនខ្នងផ្សេងទៀត ប្រឈមបាក់ស្រុត ចូលក្នុងទន្លេ ៥០ភាគរយ ប្រសិនបើមិនបានរុះរើទាន់ពេល។

លោកអភិបាលរងបន្តទៀតថា លោកកំពុងដឹកនាំកងកម្លាំង ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋទាំងនោះ យកទៅទីទួលសុវត្ថិភាពដើម្បីកំបាក់ស្រុតចូល ក្នុងទន្លេទាន់ពេល ហើយពុំមានពលរដ្ឋណា រងគ្រោះក្នុងហេតុការបាក់ស្រុតចាំងទន្លេនោះដែរ៕