(កណ្ដាល)៖ ដូចការរំពឹងទុកនៅឆ្នាំនេះ ពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅថ្ងៃទី១ នៃការប្រណាំងនេះ ឃើញថា មានភាពឱឡារឹកយ៉ាងក្រៃលែង ដោយសកម្មភាពនៃពិធីនេះ អធឹកអធមណាស់ ខណៈបងប្អូនប្រជាពលរដ្ឋយើង មកចូលរួមអបអរសាទរយ៉ាងច្រើនកុះកររាប់ម៉ឺននាក់ ជាមួយនឹងក្រុមចំណុះទូក ប្រឹងអុំទូក ស្រែកហ៊ោកញ្ជ្រៀវយ៉ាងក្លៀក្លាផ្អើលមួយក្រុងតាខ្មៅតែម្ដង ជាមួយនឹងស្នាមញញឹមបិទមាត់មិនជិត ដែលនេះសបញ្ជាក់ឲ្យឃើញពីតម្លៃនៃសន្តិភាព ទើបស្រុកទេសយើងមានសកម្មភាពយ៉ាងសប្បាយក្រៃលែងបែបនេះ។

ជាក់ស្ដែង ឆ្លើយតបនឹងការសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាល្ងាចថ្ងៃទី១២ ខែតុលានេះ យុវជនឈ្មោះ អ៊ន ឈីត មកពីឃុំព្រែកស្ដី ស្រុកកោះធំ និងយុវតីឈ្មោះ យ៉ាន សេងហៀង ឃុំកោះខែល ស្រុកស្អាង បានសំដែងពីភាពសប្បាយរីករាយឥតឧបមាដោយសារបានឃើញព្រឹត្តិការណ៍ដ៍អស្ចារ្យនៅក្រុងតាខ្មៅយើងនេះ។

យុវជន និងយុវតីទាំង ២នាក់ បានបន្តថា នេះជាតម្លៃសន្តិភាពដែលប្រទេសជាតិយើងកំពុងមាន ដែលនេះជាស្នាដៃដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងការអភិវឌ្ឍន៍ឲ្យកាន់តែរីកចំរើនឡើងៗ។

យុវជន និងយុវតីទាំង២រូប ក៏ស្នើដល់ពលរដ្ឋយើងទាំងអស់ សូមចូលរួៗឲ្យបានច្រើនកុះករ ពិសេសជួយគ្នារក្សាបរិស្ថាន កុំចោលសំរាមផ្ដេសផ្ដាស ដែលនេះជាសោភណភាពទីក្រុងតាខ្មៅយើង និងជាមុខមាត់របស់យើងផងដែរ។ សូមជម្រាបថា ពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ធ្វើឡើងរយៈពេល ២ថ្ងៃ ពៅលគឺថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០៩១នេះ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងពីធីប្រណាំងទូកនេះ ក៏មានការអញ្ជើញចូលរួមពីទូកមកពីខេត្តកំពង់ចាម និងទូកមកពីរាជធានីភ្នំពេញ ក្នុងការប្រណាំងនេះផងដែរ។ ក្នុងឆ្នាំនេះមានទូកចំនួន ៦៣ទូក ក្នុងនោះមានទូកផ្កាចាចំនួន ១៨ទូក ទូកនារី ២ទូក ទូកអន្តរជាតិ១៩ទូក និងទូកងចំនួន ២៦ទូក។

ក្រៅពីធីប្រណាំងទូក រដ្ឋបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់ លើផ្នែកសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន និងការធ្វើចរាចរណ៍ឱ្យមានភាពងាយស្រួល ព្រមទាំងបានរៀបចំស្តង់តាំងពិពណ៌ផលិតផលផ្សេងៗ មានការប្រគុំតន្ត្រី សម្ដែងដោយតារាល្បីៗជាច្រើន ដែលដឹកនាំដោយសមាគមសិល្បៈ ការបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចអបអរសាទ ក្នុងពិធីប្រណាំងទូកនេះផងដែរ។

សូមបញ្ជាក់ថា ស្របពេលដែលថ្ងៃកំណត់នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ កាន់តែខិតជិតចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដប្រកាសថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ នឹងមិនត្រូវអាក់ខានឡើយ បើទោះបីស្ថានភាពទឹកទាបកម្ពស់ត្រឹម១ម៉ែត្រក៏ដោយ៕