(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានលើកឡើងថា មិនត្រូវទុកឲ្យសុខសន្ដិភាព ដែលប្រទេសកម្ពុជាកំពុងតែមានសព្វថ្ងៃនេះ ក្លាយទៅជាចំណាប់ខ្មាំងរបស់ជនណាម្នាក់នោះឡើយ ពោលប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមចិត្ត រួមគ្នារក្សាឲ្យខាងតែបាន។

ក្នុងឱកាសអញ្ជើញជាអធិបតីពិសាភោជនាអាហារជាមួយ ប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា មិនត្រូវទុកឲ្យសុខសន្ដិភាព ត្រូវទទួលការគំរាមកំហែង បំផ្លិចបំផ្លាញពីមនុស្សអាក្រក់ណាមួយឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដំបូងបំផុតបើចង់និយាយថា ត្រូវការការរស់រានមានជីវិត ត្រូវការការអភិវឌ្ឍ កុំភ្លេចនិយាយអំពីការពារសន្ដិភាពឲ្យបានមុនសិន មិនត្រូវទុកឲ្យសន្ដិភាព ក្លាយទៅជាចំណាប់ខ្មាំងរបស់អ្នកណាទាំងអស់ ហើយមិនត្រូវឲ្យសន្ដិភាពនេះ ត្រូវទទួលការគំរាមកំហែង បំផ្លិចបំផ្លាញពីជនអាក្រក់ណាទេ រាជរដ្ឋាភិបាលពិតជាមិនបណ្ដោយទេ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កិច្ចការងារទាំងអស់នេះ មិនមែនជាកាតព្វកិច្ចតែរាជរដ្ឋាភិបាលមួយមុខនោះទេ ពោលប្រជាពលរដ្ឋគ្រប់រូប គ្រប់និន្នា គ្រប់សាសនា ត្រូវតែចូលរួមដើម្បីរក្សានូវសន្ដិភាព។ បើសិនជាប្រទេសមួយរក្សាសន្ដិភាពមិនបានទេ កុំនិយាយទៅដល់ការអភិវឌ្ឍ កុំនិយាយទៅដល់ការគោរពបូជាចំពោះសាសនា។ ដូច្នេះហើយសម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នា រក្សាសន្ដិភាពនេះ ព្រោះអ្វីដែលកម្ពុជារីកចម្រើន បានរហូតមកដល់សព្វថ្ងៃនេះ មិនអាចកាត់ផ្ដាច់ពីសន្ដិភាពបាននោះឡើយ។

គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រជាជនខ្មែរប្រសិននាមថា ជាបុរសខ្លាំងកម្ពុជា ដោយសារតែសម្ដេចបានលះបង់ស្ទើរគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសកម្ពុជាចេញពីភ្លើងសង្គ្រាម ដ៏រ៉ាំរ៉ៃ ពិសេសរំដោះចេញពីបនប្រល័យពូជសាសន ប៉ុល ពត ដែលបានកាប់សម្លាប់ជនជាតិខ្មែរជាង៣លាននាក់ លុបបំបាត់ចោលហេដ្ឋារចនាសម្ព័ន្ធ លុបបំបាត់ជំនឿសាសនទាំងអស់៕