(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានលើកឡើងថា តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការលះបង់កម្លាំងកាយចិត្ត របស់ក្រុមថ្នាក់ដឹកនាំ នៃជួរគណបក្សប្រជាជនកម្ពុជា រក្សាបាននូវស្ថិរភាព សុខសន្តិភាព ការអភិវឌ្ឍន៍ជាតិ ទើបពួកយើងមានឱកាសល្អ ក្នុងការរៀបចំពិធីបុណ្យអុំទូក ដ៏កក្រើកនេះឡើងនៅទឹកដីក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នៅគ្រាដែលលោកចូលរួមជាគណៈអធិបតី នៃពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ និងចូលរួមផងដែរ ពីលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីអ្នកមុខ អ្នកការជាច្រើននាក់ផ្សេងទៀត នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ។

លោកអភិបាលខេត្តបន្តថា ចាប់តាំងពីរំដោះស្រុកទេសយើងមក ស្រុកយើងនៅសល់តែបាតដដៃទទេប៉ុណ្ណោះ ដែលគ្រានោះជាពេលវេលាដ៍សែនជូរចត់ ក្នុងការកសាងស្រុកទេសយើង ឲ្យរីកចំរើនដូចឃើញសព្វថ្ងៃនេះ។

លោកបានគូសបញ្ជាក់ថា ការតស៊ូពិតជា បានធ្វើឡើងដោយខាំមាត់សង្កត់ចិត្ត ពុះពៀរគ្រប់ឧបសគ្គ ដើម្បីធ្វើយ៉ាងណា ជំរុញកម្ពុជាយើងឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍ មានសេដ្ឋកិច្ចខ្លាំងរឹងមាំ ជាប្រទេសដែលមាន សុខសន្តិភាពពេញលេញ និង ជាប្រទេសដែលគួរឲ្យចង់រស់នៅជាទីបំផុត។

គួរជម្រាបថា រដ្ឋបាលខេត្តកណ្ដាល មានក្ដីរំពឹងទុកថា ក្នុងរយៈពេល២ថ្ងៃ នៃពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងមានប្រជាពលរដ្ឋអញ្ជើញមកទស្សនាកំសាន្តសប្បាយរីករាយប្រមាណ៥០ម៉ឺននាក់ ក្នុងពិធីប្រណាំងទូកនៅឆ្នាំនេះ។

ពិធីប្រណាំងទូកប្រព្រឹត្ត ទៅរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១២-១៣ ខែតុលា ដែលគេប្រារព្ធនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយការប្រណាំងទូកនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីប្រជាពលរដ្ឋ និងការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីមួយឆ្នាំ ទៅមួយឆ្នាំ។

ក្នុងពីធីប្រណាំងទូកនេះ ក៏មានការអញ្ជើញចូលរួមពី ទូកមកពីខេត្តកំពង់ចាម និងទូកមកពីរាជធានីភ្នំពេញ ក្នុងការប្រណាំងនេះផងដែរ។ ក្នុងឆ្នាំនេះ មានទូកចំនួន៦៣ទូក ក្នុងនោះមានទូកផ្កាចាចំនួន១៨ទូក, ទូកនារី២ទូក ទូកអន្តរជាតិ១៩ទូក និងទូកងចំនួន២៦ទូក។

ក្រៅពីធីប្រណាំងទូក រដ្ឋបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់ លើផ្នែកសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន និងការធ្វើចរាចរណ៍ ឲ្យមានភាពងាយស្រួល ព្រមទាំងបានរៀបចំស្តង់តាំងពិពណ៌ ផលិតផលផ្សេងៗ មានការប្រគុំតន្ត្រី សម្ដែងដោយតារាល្បីៗជាច្រើន ដែលដឹកនាំដោយសមាគមសិល្បៈ ការបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចអបអរសាទ ក្នុងពិធីប្រណាំងទូកនេះផងដែរ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកកំសាន្តសប្បាយ នៅក្នុងពិធីប្រណាំងទូក នៅថ្ងៃទី១២-១៣ ខែតុលា ខាងមុខនេះ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ដោយបោះសម្រាម ចូលក្នុងធុងឲ្យបានត្រឹមត្រូវ បើកបរដោយប្រុងប្រយ័ត្ន មិនត្រូវលើសល្បឿនកំណត់ ម៉ូតូត្រូវពាក់មួកសុវត្តិភាព រថយន្តត្រូវដាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា ស្របពេលដែលថ្ងៃកំណត់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ កាន់តែខិតជិតចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដប្រកាសថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ នឹងមិនត្រូវអាក់ខានឡើយ បើទោះបីស្ថានភាពទឹកទាបកម្ពស់ត្រឹម១ម៉ែត្រក៏ដោយ៕

Advertising