(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចំនួនបី នៅតំបន់អឺរ៉ុបគឺ៖ សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនទៀត របស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា៖

១៖ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក

តបតាមការអញ្ជើញរបស់លោក អេនដ្រេហ្គ បាប៊ីស (Andrej Babiš) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឆែក ពីថ្ងៃទី១៣ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៩។

ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ចារ៉ូស្លាវ គុបេរ៉ា (Jaroslav Kubera) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក។

បន្ទាប់ពីកិច្ចប្រជុំចង្អៀត សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តី អេនដ្រេហ្គ បាប៊ីស នឹងជួបពិភាក្សាទ្វេភាគីលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ ក្រោយជំនួបផ្លូវការនេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។

២៖ កិច្ចប្រជុំកំពូលប៊ុយដាប៉ែសស្តីពីទឹក លើកទី៣

តបតាមការអញ្ជើញរបស់លោក យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីហុងគ្រី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ (3rd BWS) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។

រៀបចំឡើងក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក» កិច្ចប្រជុំ 3rd BWS នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈ ដើម្បីជំនះនូវបញ្ហាប្រឈមនានា ទាំងនៅក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន សំដៅធ្វើយ៉ាងណាសម្រេចឲ្យបាននូវការរីកលូតលាស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេសទប់ស្កាត់វិបត្តិទឹកឲ្យបាន។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ ដោយផ្តោតទៅលើអាទិភាព យុទ្ធសាស្រ្ត និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងលើកឡើងពីភាពចំាបាច់ ក្នុងកិច្ចប្រឹងប្រែងរួមគ្នាសម្រាប់សន្តិសុខទឹក និងនិរន្តរភាពបរិស្ថាន និងបញ្ហាប្រឈមដទៃទៀត ដូចជា និន្នាការនៃការឡើងកំដៅភពផែនដី កំណើនប្រជាជនក្នុងសកលលោក និងជម្លោះក្នុងការប្រើប្រាស់ទឹកឆ្លងដែន។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ុយដាប៉ែស សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកដោយលោក លី យ៉ុង (Li Yong) អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO)។

៣៖ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី

តបតាមការអញ្ជើញរបស់លោក បូយកូ បូរីសសុវ (Boyko Borissov) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប៊ុលហ្គារី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី១៥ ដល់ទី១៦ ខែតុលា ឆ្នាំ២០១៩។

ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក រូមិន រ៉ាដេវ (Rumen Radev) ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីប៊ុលហ្គារី លោកនាយករដ្ឋមន្រ្តីបូយកូ បូរីសសុវ ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន៕

 

Advertising