(កណ្ដាល)៖ រយៈពេល២ថ្ងៃនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលរៀបចំឡើង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅយ៉ាងរលូន ត្រចះត្រចង់ពោរពេញទៅដោយសម្រែកហ៊ោរកញ្ជ្រៀវ សប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋជាងកន្លះលាននាក់ រួមជាមួយនឹងក្រុមកីឡាករ កីឡាការិនីចំណុះទូកទាំងអស់ ពិសេសគឺក្រុមថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្ដាលផងដែរ ។

ជាលទ្ធផល ចំណាត់ថ្នាក់លេខ១ផ្នែកទូក «ផ្កាចា» ផ្នែកនារី បានទៅលើទូកឈ្មោះ អាស្មាក់ស៊ីងហ្គល , លេខ២ បានទៅលើទូកឈ្មោះ នារីស្មោះស្នេហ៍ថែ៧មករា។ រីឯទូក «ផ្កាចា» ផ្នែកបុរស លេខ១ បានទៅលើទូកឈ្មោះសំណាងសែនជ័យ, លេខ២បានទៅលើទូកឈ្មោះ «ភិរុណសែនជ័យបារមីតាម៉ៅ» និងលេខ៣ បានទៅលើទូកឈ្មោះ មូស្លីម៧មករា។ សម្រាប់ផ្នែកទូកប្រពៃណីអន្តរជាតិផ្នែកនារីលេខ១ បានទៅលើទូកឈ្មោះ ៧មករាចិត្តតែមួយ, លេខ២បានទៅលើទូកឈ្មោះ ពោធិសែនបារមីតេជោ។ សម្រាប់ទូកខ្នាតអន្តរជាតិផ្នែកបុរស លេខ១ បានទៅលើទូកឈ្មោះ ពេជ្រកុមារសែនជ័យ, លេខ២បានទៅលើទូកឈ្មោះ អធិរជវាលស្បូវ , លេខ៣ បានទៅលើទូកឈ្មោះ យុវជនសម័យតេជោបារមីមហានគរ។ រីឯទូកអុំផ្នែកបុរស លេខ១ បានទៅលើទូកឈ្មោះ «សារាយតេជោសែនជ័យ», លេខ២ បានទៅលើទូកឈ្មោះ «ស្រីសសុខសែនជ័យ», លេខ៣ បានទៅលើទូកឈ្មោះ «ឆក់វៃតេជោសែនជ័យ»។

ព្រឹត្តិការណ៍បុណ្យអុំទូកនៅក្រុងតាខ្មៅនេះ ពលរដ្ឋដែលបានចូលរួម ក៏បានសម្តែងការសាទរសប្បាយរីករាយយ៉ាងក្លៀវក្លាផងដែរ ខណៈព្រឹត្តិការណ៍ដ៏ឱឡារឹកនេះ ញ៉ាំងឲ្យកក្រើកក្រុងតាខ្មៅតែម្ដង ដែលនេះជាលទ្ធផលល្អ នៃតម្លៃសន្តិភាជាតិយើង ដែលរកបាន និងរក្សាដោយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងការចូលរួមនេះ ពលរដ្ឋក៏សំណូមពរពលរដ្ឋទាំងអស់ដែលមកលេងកម្សាន្ត ត្រូវចូលរួមថែរក្សាបរិស្ថាន កុំចោលសម្រាមផ្ដេសផ្ដាស ពិសេសសូមរក្សាភាពថ្លៃថ្នូរទាំងអស់គ្នា។

គួរជម្រាបថា ក្នុងឆ្នាំនេះទូកដែលមកចូលរួមប្រកួតប្រជែងនៅខេត្តកណ្តាលមានចំនួន៦៣ទូក ក្នុងនោះមានទូកផ្កាចាចំនួន១៨ទូក ទូកនារី២ទូក ទូកអន្តរជាតិ១៩ទូក និងទូកងចំនួន២៦ទូក ។

ក្រៅពីធីប្រណាំងទូក រដ្ឋបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់ លើផ្នែកសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន និងការធ្វើចរាចរណ៍ ឱ្យមានភាពងាយស្រួល ព្រមទាំងបានរៀបចំស្តង់តាំងពិពណ៌ផលិតផលផ្សេងៗ មានការប្រគុំតន្ត្រី សម្ដែងដោយតារាល្បីៗជាច្រើន ដែលដឹកនាំដោយសមាគមសិល្បៈ ការបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចអបអរសាទ ក្នុងពិធីប្រណាំងទូកនេះផងដែរ។

សូមបញ្ជាក់ថា ស្របពេលដែលថ្ងៃកំណត់នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ កាន់តែខិតជិតចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដប្រកាសថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ នឹងមិនត្រូវអាក់ខានឡើយ បើទោះបីស្ថានភាពទឹកទាបកម្ពស់ត្រឹម១ម៉ែត្រក៏ដោយ។

រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។ ការផ្អាកនេះ ដោយសារមូលហេតុធំៗមួយចំនួន ដូចជាទឹកជំនន់ ការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ និងភាពវឹកវរក្រោយការបោះឆ្នោតជាដើម។ ទោះជាយ៉ាងនេះក្តី ព្រះរាជពិធីបុណ្យ ដែលជាបុណ្យប្រពៃណីជាតិ ក៏ត្រូវបានរៀបចំឡើងវិញជាធម្មតាឡើងវិញ ជាបន្តបន្ទាប់ផងដែរ៕