(ភ្នំពេញ)៖ ក្នុងស្មារតីដើម្បីផ្តល់ស្នាមញញឹមដល់កុមារ ដែលរស់នៅក្រោមេឃតែមួយ ក្រុមកង់តំបន់ភ្នំអារ៉ែង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ បាននាំយកសម្ភារសិក្សា និងអំណោយមនុស្សធម៌មួយចំនួន ជូនដល់សិស្សានុសិស្ស ៤៨០នាក់ នៅតំបន់អារ៉ែង។

លោក តុល ស៊ីណាន ប្រធានក្រុមកង់តំបន់ភ្នំអារ៉ែង បានឲ្យដឹងថា ដោយក្តីស្រលាញ់ និងការនឹករលឹក ចំពោះបងប្អូន ពូមីង សិក្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅក្នុងតំបន់អារ៉ែង លោក ទៀ សុខា ប្រធានកិត្តិយសក្រុមកង់តំបន់ភ្នំអារ៉ែង បានដឹកនាំសមាជិកក្រុមកង់ និងសប្បុរសជននានា ចុះជួបសំណេះសំណាល សួរសុខទុក្ខ នាំយកថវិកា និងសម្ភារសិក្សាមួយចំនួន យកទៅចែកជូនដល់សិស្សចំនួន៤៨០នាក់ លោកគ្រូ អ្នកគ្រូចំនួន២៦នាក់ នៅក្នុងឃុំជំនាប់ ឃុំថ្មដូនពៅ និងឃុំប្រឡាយ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

លោក ទៀ សុខា បានបញ្ជាក់ថា «ក្រុមកង់តំបន់ភ្នំអារ៉ែង បានជិះកង់ដើម្បីរ៉ៃអង្គាសថវិកា ក៏ដូចជាសម្ភារសិក្សាមួយចំនួនយកមកជូនក្មួយៗនៅទីនេះ ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍នោះ គឺការវិឌ្ឍននៅទីនេះជាពិសេសពេលនេះក្មួយៗ សិស្សសាលាមានឯកសណ្ឋានស្លៀកពាក់សមរម្យ»

ជាមួយគ្នានោះដែរ លោក ទៀ សុខា ក៏សូមថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អាគារសិក្សាថ្មី ដល់សិស្សានុសិស្សក្នុងតំបន់អារ៉ែង ដែលអាចបន្តការសិក្សាថ្នាក់អនុវិទ្យាល័យនៅទីនេះតែម្តង ដែលពីមុនត្រូវមកសិក្សានៅទីរួមស្រុកថ្មបាំង។

ចំពោះសកម្មភាពមនុស្សធម៌នេះ លោក តុល ស៊ីណាន ក៏សូមថ្លែងអំណរគុណដល់សមាជិកក្រុមកង់តំបន់ភ្នំអារ៉ែង និងសប្បុរជន ដែលបានចំណាយទាំងថវិកា សម្ភារ និងពេលវេលា ចូលរួមក្នុងសកម្មភាពមនុស្សធម៌នៅក្នុងតំបន់អារ៉ែង ដើម្បីផ្តល់ស្នាមញញឹមដល់ក្មេងៗ ដែលយើងកំពុងតែរស់នៅក្រោមមេឃតែមួយ។

លោក តុល ស៊ីណាន ក៏បានលើកឡើងផងដែរថា សកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យអប់រំ នៅទីជនបទដាច់ស្រយ៉ាល ជាពិសេសនោះក៏បានចូលរួមចំណែកជួយសម្រួលដល់ការចំណាយរបស់មាតាបិតាសិស្ស លើសម្ភារសិក្សាផងដែរ៕