(ភ្នំពេញ)៖ ក្នុងខួប២៥ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានប្រកាសយ៉ាងដាច់ណាស់ថា ត្រៀមជានិច្ចដើម្បីវាយកម្ទេច រាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសុខ សន្ដិភាព ដែលរកបានមកដោយលំបាក។

នៅចំពោះមុខសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដែលអញ្ជើញតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានប្រកាសយ៉ាងដូច្នេះថា «ប្តេជ្ញាវាយកម្ទេច រាល់ការឃុបឃិត ប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជា ពីមជ្ឈដ្ឋានខាងក្រៅ»។

បន្ថែមពីនេះ មេបញ្ជាការកងពលតូចលេខ៧០ បានអះអាងទៀតថា កងទ័ព មានចិត្តស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញា ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ឲ្យបានស្ថិតស្ថេរ រឹងមាំជាអមតៈ។

លើសពីនេះ កងពលតូចលេខ៧០ នឹងអនុវត្តឲ្យបានជោគជ័យទៅតាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទនយោបាយ និងផែនការយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេស បាវចនា កម្មវិធី២គឺ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។ បង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានប្តេជ្ញាបន្តយកចិត្តទុកដាក់បំពេញភារកិច្ច សំដៅសម្រេចបានសមិទ្ធផល់ជាបន្តបន្ទាប់ ដោយប្រែក្លាយរាល់ភាពប្រឈម ចំពោះមុខឲ្យក្លាយទៅជាចំណុចខ្លាំង ដើម្បីជាខឿនការពារជាតិដ៏រឹងមាំ និងប្រកបដោយការជឿទុកចិត្តបំផុតរបស់ជាតិ មាតុភូមិ និងប្រជាជន។ ប្ដេជ្ញាសម្រេច ឲ្យបាននូវទិសដៅ៥ឆ្នាំ ២០១៩-២០២៤ របស់កងពល ដោយនឹងបន្តសកម្មភាពមនុស្សធម៌ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា លើកកម្ពស់ ជីវភាពរស់នៅរបស់កងទ័ព ពង្រឹងគុណភាព និងសម្ថភាពកងទ័ព តាមរយៈការបណ្ដុះបណ្ដាលយោធិនបន្តវេន និងការធ្វើទំនើបកម្មសម្ភារៈ ដើម្បីត្រៀមខ្លួន
អនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក៕