(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញអំពីតួនាទីពេញលេញរបស់ កងយោធពលខេមរមភូមិន្ទ ក្នុងការអនុវត្តបទបញ្ជាក់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងការកម្ចាត់ក្រុមឧទ្ទាម សម រង្ស៉ី។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការពារជាតិ សូមជម្រាបជូនដល់សាធារណមតិជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានសារព័ត៌មាន និងសង្គមស៊ីវិលមួយចំនួន នៅតែមានការយល់ច្រឡំអំពីតួនាទីរបស់ កងយោធពលខេមរភូមិន្ទ។ អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ឱ្យកាន់តែច្បាស់អំពីតួនាទីនេះ ដូចខាងក្រោម៖
១៖ កងយោធពលខេមរភូមិន្ទ មានតួនាទីដូចដែលបានចែងក្នុងរដ្នធម្មនុញ្ញគឺការពារ ជាតិ សាសនា និងព្រះមហាក្សត្រ។ ដូច្នេះ ប្រសាសន៍ និងបទបញ្ជារបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្នមន្រ្តី រដ្នមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការបង្កើតកងពលលេខ៧០ គឺជាបទបញ្ជាដ៏ត្រឹមត្រូវបំផុត ដែលកងយោធពលខេមរភូមិន្ទ ត្រូវតែអនុវត្តជាដាច់ខាត ពីព្រោះបញ្ហានេះទាក់ទងទៅនឹងសន្តិសុខ សន្តិភាព ស្ថិរភាពទាំងសេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឍ របស់ព្រះរាជាណាចក្រកម្ពុជា។
២៖ ក៏ប៉ុន្តែបើសិនជាមាន វិវាទនយោបាយរវាង គណបក្សនយោបាយ និងគណបក្សនយោបាយ កងយោធពលខេមរភូមិន្ទ រក្សារជំហរអព្យាក្រិតភាពរបស់ខ្លួន។ ផ្ទុយទៅវិញ ទង្វើប៉ុនប៉ងរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួករបស់ខ្លួន តម្រូវឱ្យកងយោធពលខេមរភូមិន្ទ មិនអាចអត់អោនឱ្យបានជាដាច់ខាត ពីព្រោះក្រុមអគតិទាំងនោះ ដែលមាន ទណ្ឌិត សម រង្ស៊ី ជាមេខ្លោង ត្រូវបានស្ថាប័នមានសមត្ថកិច្ចចោទពីបទឧបឃាត កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។
ក្នុងបរិបទនេះ កងយោធពលខេមរភូមិន្ទ ត្រូវតែមានកាតព្វកិច្ចពេញលេញ ដើម្បីការពារព្រះរាជាណាចក្រកម្ពុជា គ្រប់ទម្រង់ទាំងអស់។
សូមបញ្ជាក់ថា ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពល នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន កងពលតូចលេខ៧០ ក៏ដូចជាកងទ័ពទាំងអស់ ត្រូវសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចាត់វិធានការចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
បន្ទាប់ពីមានបទបញ្ជានេះ វិទ្យុអាស៊ីសេរី រួមទាំងសង្គមស៊ីវិលមួយចំនួន បែរបានរិះគន់ថា បទបញ្ជារបស់សម្តេចពិជ័យសេនា ធ្វើឡើងដើម្បីការពារអំណាចរាជរដ្ឋាភិបាលទៅវិញ។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងកៀរគរកម្លាំងធ្វើរដ្ឋប្រហារខុសច្បាប់ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួនដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញដោយ បង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
ការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៉ី ត្រូវបានរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ តុលាការ និងកម្លាំងប្រដាប់អាវុធ ចាត់ទុកថា ជាទង្វើប្រឆាំងរដ្ឋធម្មនុញ្ញ និងជារដ្ឋប្រហារខុសច្បាប់តែម្តង៕