(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងបរិភោគ និងថវិកាចំនួន ១០លានរៀល ដល់យុវជន អ៊ុត បញ្ញា អាយុ ១៨ឆ្នាំ ដែលបានរងគ្រោះដោយខ្សែភ្លើងឆក់ធ្ងន់ធ្ងរបណ្តាលឱ្យកាត់ដៃទាំងសងខាង ខណៈដែលខ្លួនបានចាកចេញពីផ្ទះនៅភូមិតឺណ ឃុំតឺណ ស្រុកកូនមុំ ខេត្តរតនគិរី មកធ្វើជាកម្មករសំណង់នៅខេត្តព្រះសីហនុ ដើម្បីរកប្រាក់ចិញ្ចឹមឪពុក-ម្តាយ ហើយដែលឪពុកបានធ្លាក់ខ្លួនពិការដោយសារជំងឺផង។

ជាមួយនឹងការផ្តល់អំណោយជូនយុវជនខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភដល់អ្នករងគ្រោះថ្នាក់ដោយខ្សែភ្លើងឆក់ធ្ងន់ធ្ងរចំនួន ៧នាក់ផ្សេងទៀត ដែលកំពុងសម្រាកនៅក្នុងបន្ទប់ជាមួយគ្នានៃមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យព្រះសង្ឃ) ផងដែរ ដោយក្នុងម្នាក់ៗទទួលបាន មី១កេស ត្រីខ ១០កំប៉ុង ទឹកដោះគោខាប់ ១០កំប៉ុង ស្ករស ២គីឡូក្រាម និងថវិកា ៥លានរៀល។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ ចំពោះឧបទ្ទវហេតុដែលបានកើតឡើងនេះ និងសូមជូនពរឱ្យឆាប់បានជាសះស្បើយមុខរបួសឡើងវិញ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើនូវការណែនាំដល់ក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីសុវត្ថិភាពក្នុងពេលបំពេញការងារគ្រប់ពេលវេលាជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។

ទន្ទឹមនឹងនេះដែរ សូមប្រជាពលរដ្ឋទាំងអស់ មុននឹងទៅប្រកបការងារអ្វីមួយ ត្រូវឆ្លងកាត់វគ្គសិក្សារៀនសូត្រ ឬវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ឬជំនាញនានា ដែលបង្ហាញពីសុវត្ថិភាពក្នុងពេលបំពេញការងារឱ្យបានត្រឹមត្រូវ។

ដោយឡែក ចំពោះអំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូននាពេលនេះ នឹងជួយសម្រាលការលំបាកដល់គ្រួសាររងគ្រោះទាំងអស់ ដែលនឹងអាចចាប់ផ្តើម ឬបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីជីវភាពគ្រួសារតទៅមុខទៀត។

ក្នុងឱកាសនោះផងដែរ អ៊ុត បញ្ញា អាយុ ដែលរងគ្រោះដោយខ្សែភ្លើងឆក់ធ្ងន់ធ្ងរបណ្តាលឱ្យកាត់ដៃទាំងសងខាង បានថ្លែងទាំងរំជួលចិត្តថា យើងខ្ញុំទាំងអស់ពិតជាមានអារម្មណ៍កក់ក្តៅណាស់ នៅពេលដែលពួកខ្ញុំជួបនឹងទុក្ខលំបាកភ្លាម អ្នកម្តាយមនុស្សធម៌ បានមកជួយសម្រាលក្តីលំបាកភ្លាម ដោយមិនទុក្ខកូនៗចោលនោះឡើយ កូនៗពិតជាសប្បាយចិត្តខ្លាំងណាស់ និងសូមអរគុណអ្នកម្តាយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យ៉ាងជ្រាលជ្រៅបំផុត។

ឆ្លៀតក្នុងឱកាសនោះ គ្រួសាររងគ្រោះទាំងអស់ ក៏បានថ្លែងនូវក្តីរំភើបឥតឧបមា និងសម្តែងនូវការដឹងគុណជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់ក្រុមប្រជាពលរដ្ឋរងគ្រោះទាំងអស់ប្រកបដោយក្តីមេត្តា ករុណា អាណិត ស្រឡាញ់ ដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា ជនរងគ្រោះដោយឆក់ខ្សែភ្លើង ៧នាក់ផ្សេងទៀតមានឈ្មោះ៖

១៖ ឡឹម ពន្លក អាយុ ៣៧ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ (កាត់ដៃទាំងសងខាង)

២៖ សេក ស៊ីមាឌ អាយុ ៤៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ (ធ្ងន់ធ្ងរ)

៣៖ មាន ថា អាយុ ៣៣ឆ្នាំ រស់នៅខេត្តកំពត (កាត់ដៃម្ខាង)

៤៖ ផល ភា អាយុ ៣៧ឆ្នាំ រស់នៅខេត្តព្រៃវែង (ធ្ងន់ធ្ងរ)

៥៖ ឡេង ចាន់ណារិទ្ធ អាយុ ២៦ឆ្នាំ រស់នៅខេត្តតាកែវ (កាត់ដៃម្ខាង)

៦. ហាក់ វីរៈ អាយុ ២៦ឆ្នាំ រស់នៅខេត្តព្រៃវែង (ធ្ងន់ធ្ងរ)
៧. រុំ រី អាយុ ២៤ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ (កាត់ដៃម្ខាង)៕