(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ បានថ្លែងថា គ្មានអ្វីចម្លែក ដែលអាជ្ញាធរអនុវត្តវិធានបង្ការ និងទប់ស្កាត់ សកម្មភាពបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា៖ វិធានការច្បាប់សម្រាប់អនុវត្តទៅលើអ្នកបំពានច្បាប់ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលនេះជារឿងធម្មតាសម្រាប់គ្រប់ប្រទេសទាំងអស់លើសកលលោក។
លោកអះអាងថា៖ «អាជ្ញាធររដ្ឋ មានកាតព្វកិច្ចអនុវត្តវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពទាំងឡាយណាដែលនឹងបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម! ហេតុនេះគ្មានអ្វីចម្លែកនោះទេ ដែលប្រទេសនីមួយៗគេអនុវត្តវិធានការបង្ការ និងទប់ស្កាត់ ជាមុននោះ»។
ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានជនមួយចំនួន បានរិះគន់ចំណាត់ការរបស់ក្រសួងមានសមត្ថកិច្ច ទៅលើអតីតសមាជិក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលចូលរួមក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕