(ភ្នំពេញ)៖ មន្រ្តីយោធាជាន់ខ្ពស់ប្រទេសចិន លោកឧត្តមសេនីយ៍ទោ REN JANBING បានចាត់ទុកប្រទេសកម្ពុជា គឺជាមិត្តដ៏រឹងមាំមួយ ប្រៀបបានជាដែកថែប ស្ថិតនៅគ្រប់ពេលវេលាទាំងអស់ មិនថាកាលៈទេសៈណានោះឡើយ។
ការអះអាងបែបនេះរបស់លោកឧត្តមសេនីយ៍ទោ REN JANBING នាយកមជ្ឈមណ្ឌលគាំទ្រ ភស្តុភារចម្រុះគណៈកម្មាការយោធាមជ្ឈិម បានធ្វើឡើងនៅក្នុងឱកាសដែលលោក ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងភាក្សាការងារ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ REN JANBING ក៏បានលើកឡើងថា កងទ័ពនៃប្រទេសកម្ពុជា គឺជាមិត្តដ៏រឹងមាំជាមួយនឹងប្រទេសចិន ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ កាន់តែប្រពៃបន្ថែមទៀតដូចអ្វីដែល ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានសន្យា។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ទៀតថា ចិននៅតែបន្តជួយដល់កងទ័ពកម្ពុជា ជានិច្ចទាំងធនធានមនុស្ស សម្ភារបច្ចេកទេស ហើយជំនួយទាំងនេះ គឺសុទ្ធតែជា ការបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ នៃកងទ័ពទាំងពីរ ឬគ្មានថ្ងៃបែកបែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរអគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយជ្រោមជ្រែកដល់ប្រទេសកម្ពុជា ជារៀងរហូតមក ជាពិសេសជួយដល់កងយោធពលខេមរភូមិន្ទ ទាំងមធ្យោបាយ សម្ភារបរិក្ខារ និងបណ្តុះបណ្តាលធនធានមនុស្សជារៀងរាល់ឆ្នាំ ដោយជំនួយឥតសំណងនេះ គឺបង្ហាញឱ្យឃើញថាចិន នៅជិតកម្ពុជាជានិច្ច។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយរវាងកងទ័ព និងប្រជាជនប្រទេសទាំងពីរ កាន់តែប្រសើរឡើងថែមទៀត ពីមួយថ្ងៃទៅមួយថ្ងៃ ហើយសម្តេចសង្ឃឹម និងជឿជាក់ពីមិត្តភាពដូចដែកថែបនេះមានជារៀងរហូតគ្មានថ្ងៃ ឃ្លាតពីគ្នានោះឡើយ។
សូមបញ្ជាក់ថា ប្រទេសចិន គឺជាប្រទេសទីមួយធំជាងគេ ដែលបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីការទាបដល់កម្ពុជាច្រើនជាងគេ ហើយរាល់ជំនួយដែលប្រទេសមហាយក្សនេះ ជួយគឺមានដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រទឹក វិស័យអប់រំ សុខាភិបាល វិស័យយោធា និងវិស័យជាច្រើនទៀត។
នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិរបស់ខ្លួន បានសន្យាថានឹងផ្តល់ជំនួយឥតសំណងទ្វេដង ដល់វិស័យការពារជាតិកម្ពុជា ដោយជំនួយទាំងនេះបើគិតជាទឹកប្រាក់ចំនួន ៦០០លានយ័ន ស្មើនឹង៨៤ លានដុល្លារអាមេរិក៕