(ភ្នំពេញ)៖ កម្ពុជាសម្រេចយកអង្ករប្រណិត ប្រភេទអង្ករផ្ការំដួល ស្ថិតក្នុងម៉ាកម្លិះអង្គរ ទៅប្រកួតប្រជែងរកម្ចាស់ជ័យលាភីអង្ករល្អជាងគេបំផុត ដែលរៀបចំឡើង នៅប្រទេសហ្វីលីពីន។
នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ សហព័ន្ធស្រូវអង្ករកម្ពុជា បានសហការជាមួយសមាគមន៍ចុងភៅកម្ពុជា បានរៀបចំប្រឡងជ្រើសរើសអង្ករ ដែលល្អបំផុតប្រចាំកម្ពុជា នៅភោជនីយដ្ឋានគ្រឿងហ្កាឌិន។ ការរៀបចំការប្រឡងនេះ គឺបានទទួលការចូលរួមជាមេប្រយោគដាក់ពិន្ទុចំនួន១១រូប ដែលមានសមាសភាពមកពីចុងភៅល្បីៗនៅកម្ពុជា អ្នកឯកទេសពិនិត្យអង្ករមកពីក្រុមហ៊ុនល្បីៗមួយចំនួនទៀត។
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា សម្រាប់ការប្រឡងនេះមានគំរូអង្ករចំនួន១៨ បែងចែកជា៣ប្រភេទអង្ករ គឺអង្ករដែល ក្រអូបប្រណិតល្អបំផុត អង្ករក្រអូបធម្មតា និងអង្ករសគ្រាប់វែង។ លក្ខណៈវិនិច្ឆ័យលើការដាក់ពិន្ទុ គឺផ្តោតលើរូបរាង្គ ភាពទន់ ខ្លិន រសជាតិ ពណ៌ ភាពបាក់ និងទំហំនៃគ្រាប់អង្ករ។ អង្ករដែលជាប់ចំណត់ថ្នាក់លេខមួយ បានក្លាយជាអង្ករតំណាងឲ្យកម្ពុជា ក្នុងការចូលរួមប្រកួតអង្ករកំរិត ពិភពលោកនាពេលខាងមុខ នៅប្រទេសហ្វីលីពីន។
ជាមួយគ្នានេះ លោកឧកញ៉ាក៏បានបង្ហាញនូវក្តីសង្ឃឹមថាអង្កររបស់កម្ពុជា នឹងទទួលបានលទ្ធផលល្អ ក្នុងការប្រកួតប្រជែង នៅប្រទេសហ្វីលីពីន នៅពេលខាងមុខនេះ។
សូមជម្រាបថា អង្ករកម្ពុជាធ្លាប់ជាប់លេខ១ ជាអង្ករបំផុតរបស់ពិភពលោក ក្នុងនោះកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អបំផុតដំបូងបំផុតនៅឆ្នាំ២០១២, ពីរឆ្នាំបន្តបន្ទាប់គឺ ឆ្នាំ២០១៣ នៅទី ក្រុង ហុង កុង, ឆ្នាំ២០១៤ ជាពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងឆ្នាំ២០១៨ ក៏អង្ករកម្ពុជាប់លេខ១ផងដែរ៕