(ភ្នំពេញ)៖ លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជាដែលចប់អាណត្តិ បានបញ្ជាក់ជំហរថា រដ្ឋាភិបាលកាណាដា ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធជូនដល់ប្រទេសកម្ពុជា និង ប្រទេសកំពុងអភិវឌ្ឍ គឺធ្វើឡើងក្នុងគោលដៅសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។
ការបញ្ជាក់ជំហររបស់អគ្គរដ្ឋទូតកាណាដា បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅឯទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ។
តាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកស្រី អគ្គរដ្ឋទូតកាណាដា បានបញ្ជាក់ជំហរច្បាស់លាស់ចំពោះប្រព័ន្ធអនុគ្រោះពន្ធ (GSP)។ លោកស្រី បានសង្កត់ធ្ងន់ថា កាណាដាផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ ក្នុងគោលដៅសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។
ក្នុងពេលនោះដែរលោកស្រីក៏បានលើកឡើងថា កាណាដា បានបង្កើតមូលនិធិសម្រាប់ការបញ្ជូនកងកម្លាំងស្រ្តីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយតាមរយៈមូលនិធិនេះ លោកស្រីសង្ឃឹមថា កម្ពុជានឹងទទួលបានមូលនិធិបន្ថែមសម្រាប់ការបញ្ជូនកងកម្លាំងមួកខៀវស្រ្តីកម្ពុជា។
លោកស្រី ក៏បានរំលឹកអំពីប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងឱកាសបញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា នៅពេលកន្លងថា សូមឲ្យចៀសឆ្ងាយអំពីការរំលោភ បំពានផ្លូវភេទ ក្នុងចំណោមកងកម្លាំងមួកខៀវទាំងអស់ ហើយដែលនៅពេលនោះ សូម្បីអង្គការសហប្រជាជាតិ ក៏មិនទាន់បានគិតដល់បញ្ហានេះនៅឡើយ។
ពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់កងកម្លាំងមួកខៀវរបស់កម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងក្តីរីករាយ ដែលកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវស្រ្តីកម្ពុជា នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ដែលមានចំនួនសរុបជាង៣០០ នាក់ ឬប្រហែល៥% នៃកងកម្លាំងមួកខៀវសរុបរបស់កម្ពុជា។ លោកក៏បានជម្រាបជូនលោកស្រីទូតថា លោកតែងតែស្នើឲ្យកងកម្លាំងមួកខៀវកម្ពុជាទាំងអស់អនុវត្តឲ្យបានម៉ឺងម៉ាត់បីចំណុចដូចតទៅ ៖ ១៖ បំពេញការងារដោយវិជ្ជាជីវៈ ២៖ គោរពវិន័យ និង ៣៖ គោរពច្បាប់របស់ប្រទេសដែលខ្លួនទៅបំពេញបេសកកម្ម និងជួយយកអាសាប្រជាជនក្នុងតំបន់បេសកកម្មរបស់ខ្លួន។
ក្រៅពីនេះ លោកឧបនាយករដ្ឋមន្រ្តី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាដោយត្រង់ទៅត្រង់មកលើបញ្ហាជាច្រើន ផ្សេងទៀត រួមទាំងបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម។ ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕