(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចាត់ទុកការលើកឡើងរបស់លោក ចូសហ្វ័រ វ៉ុង (Joshua Wong) មេបាតុករនៅទីក្រុងហុងកុង ដែលអំពាវនាវឱ្យសហគមន៍អន្តរជាតិ ឃ្លាំមើលការវិលត្រឡប់របស់លោក សម រង្ស៉ី នោះថា ជាការលើកឡើងដែលមានតម្លៃអ្វីទាល់តែសោះសម្រាប់កម្ពុជា ហើយលោកអះអាងថា មេបាតុករហុងកុងខុសពីមេរដ្ឋប្រហារនៅកម្ពុជា ដែលចង់បំផ្លាញសេចក្តីសុខរាស្រ្ត និងរំលាយរបបរាជនិយម។
លោក ផៃ ស៊ីផាន បានអះអាងថា៖ មេបាតុកម្មនៅទីក្រុងហុងកុងខុសពីមេរដ្ឋប្រហារនៅកម្ពុជា ហើយមេចលនាធ្វើរដ្ឋប្រហាររបស់ សម រង្ស៉ី គឺជារឿងខុសច្បាប់ ដែលត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណីរួចទៅហើយ។
លោកបានបន្តថា៖ ទណ្ឌិត សម រង្ស៉ី បានប៉ុនប៉ងរំលាយរបបរាជានិយម តាមរយៈការអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជថែមទៀត ហើយមាតុភូមិនិវត្តន៍របស់លោក សម រង្ស៉ី មិនមែនរួមសុខទុក្ខជាមួយពលរដ្ឋទេ ប៉ុន្តែជាការមកបំផ្លាញសេចក្តីសុខរបស់សន្តិសុខជាតិ។
សម្រាប់លោក ផៃ ស៊ីផាន, បាតុកម្មនៅហុងកុងមិនពាក់ព័ន្ធនឹងកម្ពុជានោះទេ ហើយកម្ពុជាក៏មិនផ្តល់តម្លៃចំពោះការធ្វើបាតុកម្មនៅទីក្រុងហុងកុងនោះដែរ និងការលើកឡើងនេះរបស់មេបាតុករហុងកុង គឺមិនស្គាល់ពីកម្ពុជាច្បាស់ឡើយ។ លោកបានបន្ថែមថា ការលើកឡើងនេះ ក៏ជាការចំអកដល់ប្រជាធិបតេយ្យផងដែរ។
សូមបញ្ជាក់ថា លោក សម រង្ស៉ី និងបក្ខពួក បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារនេះ លោក សម រង្ស៉ី បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។
ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕