(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានជឿជាក់ថា ការអំពាវនាវរបស់ លោក ចូសហ្វ័រ វ៉ុង (Joshua Wong) មេបាតុករនៅទីក្រុងហុងកុង ដែលឱ្យសហគមន៍អន្តរជាតិ ឃ្លាំមើលការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ីនោះ គឺគ្មានប្រសិទ្ធភាពនោះទេ។
លោក សុខ ឥសាន បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយប្រៀបលោក សម រង្ស៉ី និងលោក ចូសហ្វ័រ វ៉ុង នៅសុភាសិតខ្មែរមួយថា «មេខាតលក្ខណ៍ រត់រកអាកំបាក់អន្សារ»។
លោកអះអាងថា៖ «វាគ្មានឥទ្ធិពលអ្វីទៅលើអន្តរជាតិនោះទេ សំខាន់ការគាំទ្រជាលក្ខណៈអន្តរជាតិ មកជាលក្ខណៈប្រយោលប៉ុណ្ណោះ យើងដឹងហើយថា តំណាងរាស្រ្តអន្តរជាតិ៦នាក់ ដែលបានប្តេជ្ញាកាលពីប៉ុន្មានខែមុនថានឹងមកនោះ ឥឡូវលែងនិយាយរឿងមកហើយ និយាយតែរឿងអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រួលចរចាគ្នាទៅវិញ»។
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក Joshua Wong មេដឹកនាំក្រុមបាតុករនៅទីក្រុងហុងកុង បានសរសេរតាមរយៈបណ្តាញ Twitter ថា លោក សម រង្ស៉ី នឹងត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ហើយលោកអំពាវនាវឱ្យសហគមន៍អន្តរជាតិឃ្លាំមើលការវិលត្រឡប់របស់ លោក សម រង្ស៉ី។
សូមបញ្ជាក់ថា លោក សម រង្ស៉ី និងបក្ខពួក បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារនេះ លោក សម រង្ស៉ី បានប្រកាសរៀបចំថវិកាសម្រាប់ឧបត្ថម្ភដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។
ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថា ជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕