(បាងកក, ថៃ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមនឹងមេដឹកនាំប្រទេសសមាជិកដៃគូសេដ្ឋកិច្ចទូលំទូលាយ (RCEP) រួមមានប្រទេសអាស៊ាន និងចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ញ៉ូវហ្សេឡេន ឥណ្ឌា និងអាមេរិកនោះ បានឯកភាពបង្កើតឱ្យមានកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងត្រូវចុះហត្ថលេខានៅឆ្នាំ២០២០ខាងមុខ ពេលវៀតណាមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។
ការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយលើកទី៣ នៅថ្ងៃរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងប្រទេសថៃ។
RCEP ជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចដែលបង្កើតឡើងក្នុងការដោះស្រាយបញ្ហាលំបាកៗ ដូចជាពាណិជ្ជកម្មឌីជីថល កំណែទម្រង់បទបញ្ញត្តិបើកចំហរពាណិជ្ជកម្ម និងការចល័តនៃពលករជំនាញជាដើម។
ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំប្រទេស RCEP បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រី RCEP និងក្រុមការងារ ដែលបានសម្រេចនូវកិច្ចព្រមព្រៀង RCEP មួយ ដែលមានលក្ខណ:ទំនើបទូលំទូលាយប្រកបដោយគុណភាពខ្ពស់ និងជាពិសេសបានផ្តល់នូវប្រព្រឹត្តកម្មពិសេស និងដោយឡែកសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។
មេដឹកនាំទាំងអស់ បានចាត់ទុកដែរថា ការសម្រេចបានកិច្ចព្រមព្រៀង RCEP នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ថ្មីមួយជាប្រវត្តិសាស្រ្ត សម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វីកទាំងមូល បន្ទាប់ពីថ្នាក់ដឹកនាំ RCEP បានប្រកាសឱ្យបើកការចរចាជាផ្លូវការនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១២ ទោះបីជានៅមានបញ្ហាបច្ចេកទេសខ្លះ ដែលត្រូវបញ្ចប់មុននឹងឆ្លងនីតិវិធីផ្ទៃក្នុង សម្រាប់ការចុះហត្ថលេខានៅប្រទេសវៀតណាម នៅឆ្នាំ២០២០ខាងមុខ។
ផ្អែកលើការអនុវត្តនៃការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀង ដែលរួមបញ្ចូលទាំងឧបសម្ព័ន្ធនានា RCEP នឹងផ្តល់នូវកាលានុវត្តភាពថ្មីៗ ឆ្ពោះទៅរកប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ដើម្បីជំរុញ និងផ្តល់សន្ទុះដល់ពាណិជ្ជកម្មទំនិញ សេវា និងការវិនិយោគ។ បន្ថែមពីនេះ ការសម្រេចបានកិច្ចព្រមព្រៀង RCEP គឺជាសារនយោបាយដ៏មុតស្រួចទៅកាន់ពិភពលោកបច្ចុប្បន្ន បង្ហាញឲ្យឃើញអំពីឆន្ទ:របស់ថ្នាក់ដឹកនាំនៃប្រទេស RCEP ក្នុងការគាំពារសកលភាវូបនីយកម្ម ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី និងសេដ្ឋកិច្ចពិភពលោក តំបន់បើកចំហរ ដែលជាកម្លាំងចលករដ៏សំខាន់មួយក្នុងការឆ្លើយតបនឹងនិន្នាការគោលនយោបាយគាំពារនិយម និងឯកតោភាគីនិយម។
ដូចគ្នានឹងមេដឹកនាំអាស៊ានដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា ទោះបីជាកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច អាចនឹងមានតម្រូវការ មានការកែច្បាប់ រចនាសម្ព័ន្ធសេដ្ឋកិច្ច និងរដ្ឋបាលជាច្រើន បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ប៉ុន្តែសម្តេចនៅតែធ្វើការសម្រេចចិត្តដោយក្តីរីករាយបំផុត ក្នុងការផ្តល់អាណត្តិឱ្យរដ្ឋមន្រ្តីកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នេះ នៅក្នុងឆ្នាំ២០២០ខាងមុខ។
នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំនៃប្រទេស RCEP បានឈានទៅចេញផ្សាយនូវសេចក្តីប្រកាសរបស់ប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ RCEP៕