(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញបើកវគ្គបំប៉នគ្រូបង្ហាត់វិជ្ជាសង្គ្រោះបឋមឆ្នាំ២០១៩ ជូនដល់សិក្ខាកាមជាគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមនៃបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត ចំនួន៤៥នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកស្រី មែន នារីសោភ័គ បានថ្លែងថា ដើម្បីបណ្ដុះបណ្ដាលបន្ថែមនូវជំនាញចំណេះដឹងថ្មីៗ ក្នុងការផ្ដល់ចំណេះដឹង ការជួយសង្រ្គោះដល់ជនរងគ្រោះ និងពិនិត្យលើចំណុចខ្វះខាត កែសម្រួលកំហុសឆ្គង ក្នុងការអនុវត្ដន៍ និងផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម ជួយសង្គ្រោះបឋមដល់ជនរងគ្រោះ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពត្រឹមត្រូវតាមបច្ចេកទេស។
ជាងនេះទៅទៀត លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាពងាយរងគ្រោះ ការជួយសង្គ្រោះបឋម ការផ្សព្វផ្សាយអំពីសុខភាពប្រជាពលរដ្ឋកម្ពុជា និងគ្រោះមហន្ដរាយផ្សេងៗ នឹងត្រូវបានកាត់បន្ថយតាមរយៈគំរូវវីរៈភាពដ៏ល្អរបស់យើងទាំងអស់គ្នា ដែលខិតខំប្រឹងប្រែងមិនក្លាច មិនថាយប់ ឬថ្ងៃ ទាំងកម្លាំងកាយចិត្ដ ចូលរួមបម្រើការងារមនុស្សធម៌ ប្រកបដោយសណ្ដានចិត្ដល្អប្រពៃ មានក្រមសីលធម៌ខ្ពស់ ជូនដល់សង្គមជាតិយើង ឱ្យមានការរីកចម្រើន ពរពេញដោយពន្លឺសន្ដិភាពនាពេលនេះ»។
ជាមួយគ្នានេះ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ ការិយាល័យសង្គ្រោះបឋមនៃកាកបាទក្រហមកម្ពុជា បានសម្រេចលទ្ធផលការងារ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋមជាច្រើនវគ្គ ដល់សាខារាជធានី-ខេត្ដចំនួន៩ រួមមាន៖ ខេត្តបាត់ដំបង កំពង់ស្ពឺ កំពង់ធំ កំពត សៀមរាប ព្រះសីហនុ ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ។លើសពីនោះមាន បណ្ដុះបណ្ដាលវិជ្ជាបឋមជាមូលដ្ឋាន ការផ្សព្វផ្សាយ វិជ្ជាសង្គ្រោះបឋម អប់រំសុខភាពអនាម័យ ផ្ដល់សេវាសង្គ្រោះបឋម និងបញ្ជូនទៅដល់មណ្ឌលសុខភាពផងដែរ។
សូមជម្រាបថា សម្រាប់វគ្គបំប៉នថ្ងៃនេះ ជាវគ្គបំប៉នលើកទី១១ គិតចាប់តាំងពីឆ្នាំ២០០៩រៀងមក ដើម្បីបណ្តុះបណ្តាលបន្ថែមនូវជំនាញ ចំណេះដឹងថ្មីៗក្នុងការផ្តល់ចំណេះដឹងអំពីវិជ្ជាសង្គ្រោះបឋម ពីគ្រូបង្ហាត់ទៅកាន់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងពិនិត្យលើចំណុចខ្វះខាតកែសម្រួលកំហុសឆ្គង ក្នុងការអនុវត្តពេលបង្រៀន និងពេលផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមរបស់គ្រូបង្ហាត់ ទៅតាមសាខាកាកបាទក្រហមកម្ពុជារាជធានី ខេត្តនីមួយៗ៕