(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យសិក្សាផលប៉ះពាល់លើគម្រោងការសាងសង់ផ្លូវបេតុងវាងក្រុងកំពត១ខ្សែ ស្ថិតនៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។

តាមគម្រោង នៃការកសាងផ្លូវវាងក្រុងមួយខ្សែនេះ មានទទឹង ១៥ម៉ែត្របណ្ដោយ ១៣៨០ម៉ែត្រ ធ្វើពីបេតុងសរសៃដែក អមដោយប្រព័ន្ធលូរំដោះទឹកចេញពីក្នុងក្រុងកំពត ដោយផ្លូវនេះតបំបែកចេញ ពីផ្លូវជាតិលេខ៣ ឆ្ពោះទៅទល់នឹងផ្លូវបេតុងម៉ាកេង ស្របតាមបណ្ដោយផ្លូវរថភ្លើងដែលមានគំលាតពីផ្លូវរថភ្លើងចំងាយ ១២ម៉ែត្រនិងចិញ្ចើមផ្លូវម្ខាងទៀត មានចំនួន ៣ម៉ែត្រ ក្រោមគម្រោងប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តកំពត។

លោកអភិបាលខេត្ត បានលើកបញ្ជាក់ថា ផ្លូវវាងក្រុងមួយខ្សែនេះ គឺពិតជាមានសារៈសំខាន់ក្នុងការកាត់បន្ថយ ការកកស្ទះនូវរថយន្តតូច ធំបើកបរលើដងផ្លូវជាតិលេខ៣ ក្បែរផ្សារសាមគ្គី ក្នុងក្រុងកំពត និងក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈក្នុងក្រុងកំពត ព្រោះបច្ចុប្បន្នក្រុងកំពតផ្លូវវាងក្រុងប៉ែកខាងជើង ឬខាងលិចនៃក្រុងកំពត នៅពុំទាន់មានផ្លូវសម្រាប់សម្រួលចរាចរណ៍នៅឡើយទេ។

នៅថ្ងៃតទៅមុខទៀត ផ្លូវវាងក្រុងមួយខ្សែនេះដែរ ក៏មានគម្រោងកសាងបន្តទៀតទិសដៅស្របតាមផ្លូវរថភ្លើងនេះដែររហូតទល់នឹងមាត់ព្រែកកំពត ក្បែរស្ពានដែករថភ្លើង ហើយរដ្ឋបាលខេត្តមាន គម្រោង នឹងធ្វើសំណើទៅរាជរដ្ឋាភិបាល ដើម្បីកសាងស្ពានឆ្លងកាត់ព្រែកកំពតផ្លូវវាងក្រុងមួយខ្សែនេះផងដែរ។

លោកអភិបាលខេត្ត ក៏បានណែនាំជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើយ៉ាងណាសហការគ្នា ដើម្បីសិក្សាពីផលប៉ះពាល់ក៏ដូចជា គម្រោងផែនការលំអិតពាក់ព័ន្ធ ផ្សេងៗ នៃគម្រោងការកសាងផ្លូវវាងក្រុងមួយខ្សែនេះឲ្យបានល្អ ដើម្បីពន្លឿនការកសាងឲ្យបានឆាប់រហ័សតាមលក្ខណៈស្តង់ដារបច្ចេកទេស ឲ្យហើយនៅមុនព្រឹត្តិការណ៍ នៃពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ដែលឈានមកដល់នៅចុងឆ្នាំ ២០១៩ខាងមុខនេះ ដែលខេត្តកំពតត្រូវទទួលធ្វើជាម្ចាស់ផ្ទះ សំដៅជួយសម្រួលនូវការកកស្ទះចរាចរណ៍ នៅក្នុងក្រុងកំពតមួយនេះ៕