(ភ្នំពេញ)៖ ព្រះតេជគុណសុវណ្ណធម្មថេរោ ច័ន្ទ សុភាព ប្រធានសមាគមរស្មី មូលនិធិស្បុរសធម៌ ដែលគង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) បានមានសង្ឃដីកា សន្យាបន្តជួយទេយ្យវត្ថុ មានជាសម្ភារ គ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន២លានរៀល រៀងរាល់ខែដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ។

លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ ក៏បានសន្យាបន្តនាំយកនូវទេយ្យទាន មានជាគ្រឿងឧបភោគ បរិភោគ សម្ភារ និងបច្ច័យដែលព្រះតេជគុណ សុវណ្ណធម្មថេរោ ច័ន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ការសន្យាទៅវិញទៅមករបស់លោក ជា ពិសី និងព្រះតេជគុណសុវណ្ណធម្មថេរោ ច័ន្ទ សុភាព បានធ្វើឡើងក្នុងពិធីទទួល និងប្រគល់ទេយ្យទានដូចជា៖ អង្ករ ១តោន, ទឹកត្រី ១២០យួរ, ទឹកស៊ីអ៉ីវ ១២០យួរ, ទឹកសុទ្ធ ១០០យួរ, អំបិល ១០០គីឡូក្រាម, សាដក ៣០, បន្លុង ២សម្រាប់, និងបច្ច័យ ចំនួន២,០០០,០០០រៀល សរុបចំនួន ៨,៥០០,០០០ រៀល ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

នាឱកាសទទួល និងប្រគល់ទេយ្យទាននេះ លោក ជា ពិសី ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណសុវណ្ណធម្មថេរោ ច័ន្ទ សុភាព ដោយបានផ្ដល់ជូននូវវប្បធម៌ចែករំលែក ទាំងគ្រឿងឧបភោគបរិភោគ សម្ភារផ្សេងៗ ក៏ដូចជាបច្ច័យ មកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងគោលបំណងចូលរួមគាំទ្រ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ។

ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវរូបនេះ បានសន្យាបន្តនាំយកនូវទេយ្យទានគ្រឿងឧបភោគ បរិភោគ សម្ភារ និងបច្ច័យដែលព្រះតេជគុណ សុវណ្ណធម្មថេរោ ច័ន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋ ងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ។

ក្រៅពីមើលឃើញសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការចុះសួរសុខទុក្ខ ចែកអំណោយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ, ព្រះតេជគុណសុវណ្ណធម្មថេរោ ច័ន្ទ សុភាព បានមានព្រះថេរដីកាថា សម្រាប់ទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងបច្ច័យដែលនាំយកមកប្រគេន ដល់អនុសាខាកាកបាទក្រហមកម្ពុជា និងត្រូវបានជួយផ្ដល់ជាបន្តបន្ទាប់ទៀត និងជារៀងរាល់ខែ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីសហការចូលរួមបរិច្ចាគនូវវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ស្របពេលប្រទេសជាតិ កំពុងតែមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕