(កំពង់ស្ពឺ)៖ បណ្តាញក្រុមឧទ្ទាមនៅខេត្តកំពង់ស្ពឺម្នាក់ គឺជាអតីតជំទប់ឃុំ នៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធក្នុងផែនការរដ្ឋប្រហារ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី។

បើតាមសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ជនត្រូវចោទឈ្មោះ ហែម ញូដេលី អាយុ៥៣ឆ្នាំ តួនាទីជាជំទប់ទី២ របស់អតីតគណបក្សសង្គ្រោះជាតិ នៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ឈ្មោះ ហែម ញូដេលី ត្រូវបានឃាត់ខ្លួនពីបទ «រួមគំនិតក្បត់» ប្រព្រឹត្តនៅក្នុងកាលពីអំឡុងខែសីហា ដល់ខែវិច្ឆកា នាពេលបច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោស តាមប្បញ្ញតិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ៕