(សៀមរាប)៖ បើតាមការបញ្ជាក់ពីអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានត្រៀមរៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ព្រមទាំងពិធីទទួលទានអំបុកខ្មែរ «ការពារជាតិ សាសនា ព្រះមហាក្សត្រ» ចាប់ពីថ្ងៃទី០៩-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំ។

លោក ឡុង កុសល បានបន្តថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចូលរួមបង្ហាញពីសុខសន្តិភាព ការគោរពស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ដោយមានការចូលរួមពីព្រះសង្ឃក្នុងនិងក្រៅប្រទេសជាង ៥០០អង្គ និងពុទ្ធបរិស័ទជិតឆ្ងាយជាង២ពាន់នាក់ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណីនិងទំនៀមទម្លាប់របស់ជនជាតិខ្មែរទៅតាមរដូវកាល។

លើសពីនេះទៅទៀត កម្មវិធីនេះនឹងមានការរៀបចំពិធីសាសនាមួយចំនួន ព្រមទាំងសកម្មភាពជាក់ស្តែងជាច្រើនពាក់ព័ន្ធនឹងការច្រូតស្រូវ ដាល់អំបុក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

នៅក្នុងកម្មវិធីនេះដែរ ក៏មានការសម្តែងសិល្បៈល្ខោនបុរាណខ្មែរចំនួន ២យប់ នាថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដោយឡែក នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នឹងមានរៀបចំពិធីរាប់បាត្រជាកិច្ចបញ្ចប់។

អាជ្ញាធរជាតិអប្សរា ក៏សូមគោរពអញ្ជើញសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមក្នុងពិធីទទួលទានអំបុករួមគ្នា ដើម្បីអបអរការស្រឡាញ់សុខសន្តិភាព និងចូលរួមជាមួយសកម្មភាពជាក់ស្តែង និងទស្សនាសិល្បៈល្ខោនបុរាណខ្មែរឱ្យបានច្រើនកុះករ៕