(កណ្តាល)៖ សំណើ និងក្តីកង្វល់ទាំងឡាយរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវបានរដ្ឋបាលខេត្តកណ្ដាល ទទួលយកទៅដោះស្រាយជូន នៅក្នុងវេទិកាសាធារណៈមួយ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល។

នៅក្នុងឱកាសនោះដែរ លោក នួន ផា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមចូលរួមលើកឡើងនូវ សំណូមពរ បញ្ហាប្រឈម នៅក្នុងមូលដ្ឋាន របស់ខ្លួនឱ្យបានផុសផុល ព្រោះការលើកឡើយរបស់បងប្អូនប្រជាពលរដ្ឋ គឺមិនមានកំហុស ឬមានទោសទេ។

លោកបានបន្តថា រាល់សំណូមពររបស់បងប្អូន រដ្ឋបាលខេត្តនឹងទទួលយក ទៅដោះស្រាយតាមដំណាក់កាល ដោយមិនបោះបង់ចោលនោះឡើយ។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋ បានលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈម ដូចជា ស្នើរសុំអគារសិក្សា១២បន្ទប់ នៅវិទ្យាល័យសំពៅពូន ព្រែកទីវ នៅភូមិគគីក ឃុំសំពៅពូន ស្នើសុំជួសជុលស្ពានដែលមានការទ្រុឌទ្រោម ភូមិកោះទាវក ធ្វើផ្លូវលំមិនទាន់ហើយ ស្នើសុំធ្វើបង្ហើយ សុំផ្លូវបេតុង សុំអូសខ្សែង នៅព្រែកធួន វិទ្យាល័យកំពង់កុល ស្នើសុំចាក់ដីនៅទីធ្លាសាលា៥០០ឡាន ប្រជាពលរដ្ឋទីទ័លក្រ សុំជួយសាងសង់ផ្ទះមួយខ្នង បាក់ច្រាំងព្រែក សុំដល់មន្ទីរបរិស្ថាន ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងសំរាម និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យបានយល់ដឹងពីបញ្ហាគ្រឿង ស្នើសុំបរិក្ខារសាលា និងរបស់ក្មេងលេង នៅមត្តេយ្យសហគមន៍ជាដើម៕