(សៀមរាប)៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហាញភាពជោគជ័យរបស់ខ្លួនលើការអនុវត្តកម្មវិធីសាកល្បងបណ្តុះបណ្តាលជំនាញទេសចរណ៍ ដល់អតីតពលករចំណាកស្រុក និងយុវជនដែលមានទំនោរចង់ទៅធ្វើការក្រៅប្រទេសជាច្រើននាក់ ឱ្យងាកមកសិក្សាជំនាញទេសចរណ៍ និងមានការងារធ្វើក្នុងប្រទេស។

ភាពជោគជ័យនេះត្រូវបានបង្ហាញឡើងកិច្ចសន្ទនាទ្វេរភាគីលើកទី២ ស្តីពីការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ ក្រោមធិបតីភាពលោក ប៉ាក់ សុខុុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីសំណាក់ប្រតិភូប្រទេសថៃ តំណាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរពាក់ព័ន្ធ គ្រូបង្គោល អ្នកវាយតម្លៃបង្គោលជាតិ សិស្ស និស្សិតប្រមាណ ២០០នាក់ នៅសណ្ឋាគារសោមាទេវី ស្ប៉ា និងរីសត ខេត្តសៀមរាប។

កិច្ចសន្ទនាខាងលើ បានបង្ហាញសមិទ្ធផល និងបទពិសោធន៍លើការអនុវត្តគម្រោងសាកល្បងលើការបណ្តុះបណ្តាលពលករចំណាកស្រុក ដែលបានវិលត្រលប់មកប្រទេសកម្ពុជាវិញ និងយុវជនមានបំណងចំណាកស្រុក ឲ្យមានការងារក្នុងវិស័យទេសចរណ៍ ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន។

បច្ចុប្បន្នអតីតពលករមកពីប្រទេសថៃ និងយុវជនដែលមានគ្រួសារជីវភាពក្រីក្រសរុបចំនួន ៦០នាក់ (នារី៣៦នាក់) បានទទួលការសិក្សាទាំងទ្រឹស្តី និងអនុវត្តផ្ទាល់លើជំនាញនៃសេវាកម្មសណ្ឋាគារ នៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូលខេត្តសៀមរាប រយៈពេល៣ខែ និងបានចុះហ្វឹកហាត់ការងារនៅសណ្ឋាគារ រយៈពេល៣ខែ នៅប្រទេសថៃ។

ជាការសាកល្បងចាប់ពីឆ្នាំ២០១៨មក ក្រោមការគាំទ្ររបស់រដ្ឋាភិបាលស្វីស តាមរយៈអង្គការអន្តរជាតិទេសន្តប្រវេសន៍មានយុវជន ៦០នាក់ បានបញ្ចប់ការសិក្សា ក្នុងនោះ ៣៥នាក់ នឹងបញ្ចប់កម្មសិក្សាឆាប់ៗនៅប្រទេសថៃ ដើម្បីត្រឡប់មកបម្រើការងារនៅក្នុងប្រទេស។

កម្មវិធីនេះនឹងបន្តដោយផ្តល់ជំនាញដល់យុវជនកាន់តែច្រើនថែមទៀត ដើម្បីផ្ដល់ជំនាញដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងយុវជនដែលពុំមានជំនាញ ហើយមានបំណងចំណាកស្រុក។

លោក ប៉ាក់ សុខុម បានលើកឡើងថា ក្រសួងទេសចរណ៍បានដាក់ចុះកម្មវិធីផ្ដល់ជំនាញថ្មី (Reskilling Program) ដល់អតីតពលករចំណាកស្រុក ក៏ដូចជាយុវជនមានទំនោរចំណាកស្រុក ឲ្យងាកមកចាប់ជំនាញជាក់លាក់មួយក្នុងវិស័យទេសចរណ៍កម្ពុជា ដែលកំពុងមានតម្រូវការជំនាញកាន់តែច្រើន។

លោកបានបន្ថែមទៀតថា ទោះពុំទាន់មានសាលាបណ្ដុះបណ្ដាលជំនាញទេសចរណ៍គ្រប់គ្រាន់ ក្រសួងទេសចរណ៍បានដាក់ចុះទម្រង់បណ្ដុះបណ្ដាលនានា ដល់មូលដ្ឋានអាជីវកម្មបម្រើសេវាកម្មទេសចរណ៍ និងមានកម្មវិធីសិក្សា ស្របតាមស្តងដារួមរបស់អាស៊ាន ព្រមទាំងបានបណ្តុះបណ្តាលធនធានគ្រូបង្គោលគ្រប់គ្រាន់ ហើយសាលាបណ្តុះបណ្តាលនានាបច្ចុប្បន្ន ក៏បានអនុវត្តកម្មវិធីអាស៊ានទាំងនេះយ៉ាងសកម្មផងដែរ៕