(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់ប៉ោយប៉ែត នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះជួបប្រជាការពារភូមិ ក្រុមប្រឹក្សានៅសង្កាត់និម្មិត ដេីម្បីពង្រឹងគោលជំហរប្រឆាំងនឹងការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី។

លោកឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា បានជម្រាបជូនពីសភាពការណ៍ថ្មី ដេីម្បីពាក់ព័ន្ធនឹងការទោសកំហុសរបស់ទណ្ឌិត សម រង្ស៊ី សំដៅយកទៅផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋកុំឲ្យទៅទទួលទណ្ឌិត សម រង្ស៊ី ដែលបានរំលោភចូលបន្ទាត់ក្រហមធ្វេីឱ្យខ្លួនមានទោស ក្នុងនោះមាន៣ចំណុចសំខាន់ៗ៖ ១. បំផុសបំផុលទ័ពឲ្យផ្តាច់ខ្លួន ២. ប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ និង៣. ចង់ធ្វេីរដ្ឋប្រហារផ្លួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កេីតពីឆន្ទៈរាស្រ្ត។

លោកឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមទៀតថា ទណ្ឌិត សម រង្ស៊ី ត្រលប់ចូលប្រទេសកម្ពុជាលេីកនេះមិនស្របច្បាប់ដូចលេីកមុនៗឡេីយ គឺទណ្ឌិត សម រង្ស៊ី មានទោសជាប់ខ្លួន ដែលប្រជាការពារត្រូវយកបញ្ហាសំខាន់ៗទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋរបស់ខ្លួន ការពារប្រជាពលរដ្ឋកុំឲ្យទៅទទួលនាំឲ្យមានកំហុស មានទោសដូចក្រុមទណ្ឌិតទាំងនោះ។

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទទួលទានអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

ជាការឆ្លេីយតប អ្នកចូលរូមទាំងអស់ប្តេជ្ញាផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ កុំឲ្យទៅទទួលទណ្ឌិត សម រង្ស៊ី នាំឱ្យមានទោសនាំទុក្ខដល់ក្រុមគ្រួសារ និងបំផ្លាញជាតិ៕