(រតនគិរី)៖ អាវរងាដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅចែកជូនកម្លាំងនគរបាលវរការពារព្រំដែនលេខ ៦២៣ និង២០៣ ក្នុងខេត្តរតនគិរី។

ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការវរសេនាតូចការព្រំដែនលេខ៦២៣ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហេង រតនៈ ស្នងការរងទទួលផែនការងារព្រំដែន តំណាងលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី។

លោកឧត្តមសេនីយ៍ត្រី ហេង រតនៈ បានបញ្ជាក់ថា អាវរងារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំមកចែកជូនកម្លាំងនគរបាលការពារព្រំដែននាពេលនេះ មានចំនួន៣០៥អាវ ហើយការចែកជូនជារៀងរាល់ឆ្នាំ សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ដល់កម្លាំងឈរជើងតាមព្រំដែន។ លើសពីនេះទៀតសម្តេចទាំងពីរ តែងតែគិតគូរពីជីវភាពរស់នៅ របស់គ្រួសារ ប្រពន្ធ កូនកងកម្លាំងយើងផងដែរ។

សូមជម្រាបថា សម្តេចតេជោ ត្រូវបានកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ប្រសិទ្ធនាមជាអគ្គភស្តុភារ ដោយសម្តេចតែងតែផ្គត់ផ្គង់រាល់តម្រូវការរបស់កងកម្លាំង មិនដែលឲ្យខ្វះនោះឡើយទាំងសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគរួមទាំងអាវរងា អាវភ្លៀងទៅតាមរដូវ។

ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ យិន ចំណាន, កម្លាំងនគរបាលវរការពារព្រំដែនលេខ៦២៣ និង២០៣ លោកឧត្តមសេនីយ៍ត្រី ហេង រតនៈ ថ្លែងអំណរគុណសម្តេចទាំងពីរយ៉ាងជ្រាលជ្រៅ បំផុតចំពោះទឹកចិត្តសប្បុរសធ៌មរបស់ប្រមុខរាជរដ្ឋាភិបាល ដោយសន្យាថា កម្លាំងនគរបាលត្រូវអនុវត្តឲ្យបានជាដាច់ខាតការពាររដ្ឋាភិបាលស្របច្បាប់ និងត្រៀមកំចាត់ពួកក្បត់ជាតិក្រុមទណ្ឌិតសម រង្សុ៕