(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ក្នុងពិធីប្រណាំងទូក នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងរដ្ឋលេខាធិការ ក្រសួងការពារជាតិ អមដំណើរដោយលោកឧត្តមសេនីយ៍ឯក ដួង ហេង និងលោកឧត្តមសេនីយ៍ឯក គឹម រស្មី បានអញ្ជើញក្នុងពិធីក្រុងពាលីដាក់ទូកចុះទឹក និងសំណេះសំណាលជាមួយកីឡាករទូក «ពិសិដ្ឋមរកតអម្ពវន័តេជោសែនជ័យ» នៃវត្តអម្ពរវ័ន ក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាទូកឧបត្ថម្ភនិងកសាងដោយនាយឧត្តមសេនីយ៏ ហ៊ុយ ពិសិដ្ឋ ផ្ទាល់។

ពិធីក្រុងពាលីដាក់ទូកចុះទឹកនេះ ប្រារព្ឋធ្វើនៅទន្លេមេគង្គលើ ខាងក្រោយវត្តក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសសំណេះសំណាលនោះផងដែរ ខណៈព្រះរាជពិធីបុណ្យអុំទូក ដែលខិតជិតចូលមកដល់នោះ នាយឧត្តមសេនីយ៍ឯក ហ៊ុយ ពិសិដ្ឋ បានយកនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយបានលើកឡើងពីការវិវឌ្ឍ នៃសភាពការណ៍នយោបាយថ្មីៗ ជាពិសេសការទប់ស្កាត់នូវការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ពីសំណាក់ជនក្បត់ជាតិ ដែលតែងតែប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករកុំឲ្យចាញ់បោកឧបាយកលពួកជនក្បត់ជាតិ ដែលអាចធ្វើឲ្យខ្លួនធ្លាក់ក្នុងទោសទណ្ឌក្នុងផ្លូវច្បាប់ និងប្រកាសឲ្យចូលរួមអរសាទរពិធីអកអំបុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះឲ្យគ្រប់ៗគ្នា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។

មុនពេលដាក់ទូកចុះដល់ទឹក ដើម្បីចូលរួមការប្រកួតថ្នាក់រាជធានី និងថ្នាក់ជាតិ នាពេលខាងមុខព្រះសង្ឃបានប្រោសព្រំប្រសិទ្ធិពរជ័យដល់ទូក និងកីឡាករអុំទាំងអស់ ដើម្បីសេចក្តីសុខ និងជ័យជំនះលើគូប្រកួត។

នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បាននាំយកនូវអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនទូក «ពិសិដ្ឋមរកតអម្ពវន័តេជោសែនជ័យ» រួមមាន៖ ខោ អាវ មួក ក្រមា ចំនួន ៣០០កំប្លេរ, ទឹកសុទ្ធ ៥០កេស, ទឹកផ្លែឈើ ៣០កេស, អង្ករ ៣០០គីឡូក្រាម និងថវិកាចំនួន ១០លានរៀល ព្រមទាំងឧបត្ថម្ភដល់កីឡាករចំណុះទូក ចំនួន ២លានរៀល៕