(ភ្នំពេញ)៖ ក្រុមហ៊ុន MG Motor ដែល ជាក្រុមហ៊ុននាំចូល នូវប្រភេទរថយន្តស៊េរីទំនើបពីចក្រភពអង់គ្លេស នាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់ផ្តើមប្រកាសបើក លក់ជាផ្លូវការហើយ នូវប្រភេទរថយន្ត SUV ៧កៅអី RX8 របស់ខ្លួនជាលើកដំបូង។

ពិធីប្រកាសបើកលក់រថយន្ត SUV ៧កៅអី RX8 នេះធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភោគីត្រា ក្រោមអធិបតីភាពលោក Homen Sentonitandijono អគ្គនាយក របស់ ក្រុមហ៊ុន MG Motor និងលោក អ៊ូ គីម ប្រធានទីផ្សារផ្នែកលក់របស់ក្រុមហ៊ុន MG Motor និងដោយមានការចូលរួមពីភ្ញៀវកិត្តិយស ជាច្រើនរូបទៀតផងដែរ។

លោក អ៊ូ គីម បានឱ្យដឹងថា រថយន្តប្រភេទ SUV ៧កៅអី RX8 នេះ ល្អបំផុតសំរាប់ទីផ្សានាពេលបច្ចុប្បន្ននេះ ហើយវាក៏ជាផ្នែកមួយ ដែលមានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា និងកំពុងតែទាមទារ ចំណែកទីផ្សារដ៏រឹងមាំផងដែរ ដោយរថយន្តប្រភេទនេះ ជាប្រភេទរថយន្តដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ សម្រាប់បំពេញតម្រូវការ របស់អតិថិជន នៅលើទីផ្សារកម្ពុជាយើង ជាមួយនិងប្រព័ន្ធការពារសុវត្ថិភាពបានយ៉ាងល្អ ជាមួយនិងទំហំកង់ធំល្អ និងមានប្រព័ន្ធធ្វើឱ្យកៅអី ក្តៅត្រជាក់ សម្រាប់ផ្តល់ភាពងាយស្រួល និងមានផាសុខភាពសម្រាប់អតិថិជន។

លោក អ៊ូ គីម បានបញ្ជាក់ទៀតថា សម្រាប់រថយន្ត RX8 នេះគឺមានទំហំទីផ្សារធំទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទីផ្សារក្រៅប្រទេស និងមានទីផ្សារទូលាយ ជាងប្រភេទរថយន្ត ផ្សេងៗទៀត ហើយក៏កំពុងតែមានការរីកចម្រើនខ្លាំងនៅក្នុង តំបន់ដូចជា ប្រទេសថៃ និងហ្វីលីពីន និងនៅទូទាំងពិភពលោកផងដែរ ដោយសារ តែរថយន្តប្រភេទនេះ មានតម្លៃថោកសមរម្យ និងសាកសមសម្រាប់អ្នកប្រើប្រាស់ រថយន្តសម័យថ្មី។ រថយន្តប្រភេទនេះក៏អាចធន់ និងស្ថានភាពលំបាកបានយ៉ាងល្អ ដោយសារតែទម្លាតកង់របស់ SUV ៧កៅអី RX8 មាន២.៨ម៉ែត្រជួយការពារមិនឱ្យរលាក់ខ្លាំងផងដែរ។

លោកបានបញ្ជាក់ទៀតថា សម្រាប់ ២០១៩នេះ ក្រុមហ៊ុន MG រំពឹងថានឹងអាចលក់បានរថយន្តកាន់តែច្រើនបន្ថែមទៀត ដោយសារតែ MG បាននាំចូលរថយន្តកាន់តែថ្មីៗ ច្រើនបន្ថែមទៀត ហើយចំណែកទៅផ្សារវិញក៏កាន់តែសេរី ក្នុងនោះដែរអតិថិជនក៏កាន់តែចាប់អារម្មណ៍ខ្លាំងឡើងទៅលើរថយន្តថ្មីៗ របស់ក្រុមហ៊ុន MG ផងដែរ។

សូមបញ្ជាក់ថា រថយន្តប្រភេទ SUV ៧កៅអីនេះ ជាប្រភេទ 4WD (អូសកង់បួន) ដែលមានបំពាក់យ៉ាងពេញលេញជាមួយនឹងរបៀបបើកបរចំនួន៦បែប។ វាត្រូវបានបំពាក់ដោយ ladder frame chassis ដែល MG ធ្វើឡើង យ៉ាងពិសេសដែលមានសមត្ថភាព ក្នុងការគ្រប់គ្រងលើស្ថានភាពផ្លូវពិបាកបំផុត ហើយវាក៏ត្រូវបានបំពាក់ដោយម៉ាស៊ីនប្រើ Turbo ចំណុះ ២.០លីត្រ ដែលផលិតកម្លាំង ២២០សេះ មានតម្លៃ៦៤,៨៨៨ដុល្លារ៕