(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ពិធីប្រគល់សញ្ញាបត្រ ខាងលើនេះ មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង លោកសាកលវិទ្យាធិការ សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ ភ្ញៀវជាតិ-អន្តរជាតិ និងនិស្សិតប្រមាណ ១,២០០នាក់។ ពិធីនេះ រៀបចំធ្វើឡើង នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានអានរបាយការណ៍ ដោយសង្ខេបជូនអង្គពិធី ជ្រាបអំពីស្ថានភាពទូទៅ របស់សាកលវិទ្យាល័យ និស្សិត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ កម្មវិធីសិក្សា ការងារអប់រំ បណ្តះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងលទ្ធផលសំខាន់ៗ ដែលសាកលវិទ្យាសម្រេចបាន ក្នុងរយៈពេលកន្លងមក។

ក្នុងឆ្នាំនេះ មាននិស្សិតជ័យលាភីចំនួន ១,០៥៦នាក់ ដែលក្នុងនោះស្រ្តី ៣០៤នាក់ ដោយចែកចេញជាបរិញ្ញាបត្ររង៤៣នាក់ បរិញ្ញាបត្រ ១,០០០នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់១៣នាក់ ទៅតាមជំនាញជាអាទិ៍ វិទ្យាសាស្រ្តកសិកម្ម វិទ្យាសាស្ត្រព្រៃឈើ វិទ្យាសាស្ត្រជលផល វិទ្យាសាស្ត្រសត្វ វេជ្ជសាស្រ្តសត្វ កសិឧស្សាហកម្ម រៀបចំដែនដី និងរដ្ឋបាល ដីធ្លី វិទ្យាសាស្ត្រកៅស៊ូ និងសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍជនបទ។

លោក ក៏បានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ១៩៨៥ ក្រោយពីរបបខ្មែរក្រហម មកទល់ពេលបច្ចុប្បន្ន RUA បានផលិតធនធានមនុស្សផ្នែកវិស័យកសិកម្ម សរុបចំនួន ១០,៦១០នាក់ ដែលកំពុងបម្រើការ នៅតាមស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ អន្តរជាតិ សហគ្រាស និងធ្វើអាជីវកម្មផ្ទាល់ខ្លួន។

លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរចំពោះសមិទ្ធផលដែល RUA សម្រេចបាននាពេលកន្លងមក ហើយផ្លែផ្កានេះ ក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍ វិស័យឯកជន ជាពិសេសរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់អាទិភាពជូន RUA ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បម្រើឲ្យវិស័យកសិកម្ម។

ជាមួយគ្នានោះ រដ្ឋមន្រ្តី វេង សាខុន បានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយចំនួន ដើម្បីជាជំនួយស្មារតីដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ និងក្មួយៗនិស្សិតយកទៅគិតគូពិចារណា និងប្រតិបត្តិឲ្យបានត្រឹមត្រូវ ទទួលបានលទ្ធផលល្អ ដែលមានជាបន្តបន្ទាប់ដូចខាងក្រោម៖

១៖ សាកលវិទ្យាល័យត្រូវខិតខំពង្រឹង និងពង្រីកសមត្ថភាព និងគុណភាពស្រាវជ្រាវបច្ចេកទេស និងវិទ្យាសាស្រ្ត នវានុវត្តន៍ថ្មីៗ ផ្តោតលើបច្ចេកវិទ្យាទំនើប ទាន់សម័យ មានភាពវៃឆ្លាត និរន្តរភាព និងបរិយាប័ន្ន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ឲ្យកាន់តែមានការរីកចម្រើន។ ត្រូវខិតខំកសាងសមត្ថភាពមន្ទីរពិសោធន៍ និងលើកកម្ពស់សមត្ថភាពធនធានសាស្រ្តា។

២៖ ត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សា ឲ្យបានកាន់តែល្អប្រសើរ ត្រូវកែលម្អនិងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងមធ្យោបាយសម្ភារបង្រៀន ព្រមទាំងឯកសារបង្រៀន ឲ្យបានកាន់តែសមស្រប ឆ្លើយតបទៅនឹងគោលនយោបាយ អភិវឌ្ឍន៍វិស័យកសិកម្មក្នុងយុគសម័យឧស្សា-ហកម្មជំនាន់ទី៤ សម័យបច្ចេកវិជ្ជាឌីជីតល និងសម័យបញ្ញាសិប្បនិមិ្មត។

៣៖ សាកលវិទ្យាល័យត្រូវតែយកចិត្តទុកដាក់ខ្ពស់ ប្រើប្រាស់ឲ្យអស់លទ្ធភាពរបស់គម្រោង ស្តីពីការពង្រឹងគុណភាពឧត្តមសិក្សា (Higher Education Improvement Project– HEIP) ជាមួយអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីទ្បា ចាប់ពីឆ្នាំ២០១៩នេះតទៅ ដើម្បីកែលម្អ និងលើកកម្ពស់សមត្ថភាព និងគុណភាពនៃការអប់រំ ការស្រាវជ្រាវ ការងាររដ្ឋបាល ការគ្រប់គ្រងមន្រ្តីសាស្រ្តាចារ្យ និងនិស្សិត កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ព្រមទាំងការគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុឱ្យបានល្អប្រសើរ។

៤៖ ក្មួយៗនិស្សិតជ័យលាភីទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ដោយយកចំណេះដឹងដែលសន្សំបានពីការសិក្សារៀនសូត្រ ទៅអនុវត្តក្នុងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានជោគជ័យ ហើយត្រូវប្រកាន់ខ្ជាប់ផងដែរ នូវអត្តចរិកជាបុគ្គលិក ឬជាមន្ត្រីដ៏ល្អម្នាក់ មានវិន័យថ្លៃថ្នូរ ឧស្សាហ៍ព្យាយាម និងមានសីលធម៌ល្អប្រពៃ។

 ៥៖ ដើម្បីដើរឲ្យទាន់នូវសភាពការណ៍វិវឌ្ឍន៍ជាសកល ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្មនេះ ក្មួយៗក៏មិនត្រូវភ្លេចសិក្សារៀនសូត្រ និងស្រាវជ្រាវបន្តដើម្បីដើរឲ្យទាន់ទៅនឹងការវិវឌ្ឍន៍ឥតឈប់ឈរ នៃបច្ចេកទេសវិទ្យាសាស្រ្ត ដើម្បីជួយអភិវឌ្ឍប្រទេសយើង ឲ្យមានការរីកចម្រើនបន្ថែមទៀត៕