(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា រហូតដល់ពេលនេះអ្នកពាក់ព័ន្ធនឹងចលនាឧទ្ទាម នៅតែមានឱកាសចូលសារភាពដដែល ដោយមិនទាន់ហួសពេលទេ ទោះបីជាមេខ្លោងរដ្ឋប្រហារ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក កំពុងគេចចេញពីការទទួលខុសត្រូវផ្លូវច្បាប់ក៏ដោយ។
លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា យ៉ាងដូច្នេះថា៖ «បើទោះមេខ្លោងរដ្ឋប្រហារ សម រង្ស៊ី និងបក្សពួក មិនមកដល់កម្ពុជា តែផែនការ និងសកម្មភាពនៃការប៉ុនប៉ងរដ្ឋប្រហាររបស់ក្រុមឧទ្ទាមទាំងនេះ នៅកំពុងបន្តអនុវត្ត! នេះបញ្ជាក់ថាមេខ្លោងអ្នក បានកំពុងគេចចេញពីការទទួលខុសត្រូវផ្លូវច្បាប់ហើយ ដោយទុកអោយអ្នកប្រឈមនឹងទោសទណ្ឌជំនួស! មិនទាន់ហួសពេល! សារភាពនៅតែជាជម្រើសរបស់អ្នក ដើម្បីអ្នក និងសង្គម»។
ជនក្បត់ជាតិ សម រង្ស៉ី ដែលជាមេខ្លោងរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល បានប្រកាសពន្យារពេលដំណើរវិលត្រឡប់មកកម្ពុជាវិញ ដោយមិនកំណត់ បន្ទាប់ពីក្រុមអាកាសចរណ៍ថៃ Thai Airways មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះ ដោយសារតែគ្មានឈ្មោះក្នុងបញ្ជីហោះហើយ។
អ្នកគាំទ្រជាច្រើន បានសម្តែងការខកចិត្ត និងអស់ជំនឿ ដោយសារការប្រកាសផ្លាស់ប្តូរម្តងហើយម្តងទៀតរបស់ ទណ្ឌិត សម រង្ស៉ី។ ពួកគេកំពុងតែរិះគន់លោក សម រង្ស៉ី យ៉ាងខ្លាំងក្លា នៅលើបណ្តាញសង្គម។
រហូតមកដល់ពេលនេះ មានអ្នកពាក់ព័ន្ធនឹងរដ្ឋប្រហារដែលជាអ្នកជឿលង់នឹង លោក សម រង្ស៉ី មិនតិចជាង៤០នាក់ទេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលមានអ្នកចូលសារភាពមិនតិចជាង២៥០នាក់ផងដែរ។ អ្នករួមគំនិតក្បត់ ក្នុងផែនការរដ្ឋប្រហារនេះ អាចប្រឈមនឹងការជាប់ទោសពី៥ឆ្នាំ ទៅ១០ឆ្នាំ ប៉ុន្តែបើអ្នកមានការភ្ញាក់រលឹកហើយចូលសារភាព នឹងទទួលបានការរួចផុតពីទោស៕