(ភ្នំពេញ)៖ អតីតសិស្សអាហារូបករណ៍អេស ស៊ី ជី កញ្ញា ហ៊ីន សុវល័ក្ខណ៍ និងលោក ហៀវ លីហុ័ង បានបង្ហាញនូវការដឹងគុណដល់ក្រុមហ៊ុន អេសស៊ីជី សម្រាប់ការជួយជ្រោមជ្រែងកន្លងមកនេះ មកដល់សិស្សានុសិស្សកម្ពុជាជាច្រើនរយពាន់នាក់ អស់រយៈពេលជាង៦ឆ្នាំមកហើយ ដោយបានជួយឱ្យពួកគាត់បានសម្រេចនូវក្តីសុបិនរបស់ខ្លួន និងទទួលបានឱកាសដ៏ល្អសម្រាប់អនាគតដ៏ប្រសើរ។

អេសស៊ីជី ដែលជាក្រុមហ៊ុនសម្ភារសំណង់ឈានមុខគេនៅអាស៊ាន មានបំណងប្រាថ្នាក្នុងការជួយដល់សហគមន៍ ដែលខ្លួនដំណើរការអាជីវកម្ម។ អេសស៊ីជី បានបង្កើតនូវកម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិននេះតាំងពីឆ្នាំ២០១៤ ដែលផ្តល់អាហារូបករណ៍សរុបជាង ១,០០០នាក់ ដើម្បីជួយដល់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើនឱកាសក្នុងការសិក្សា ដោយបានផ្តល់អាហារូបករណ៍ដល់សិស្ស ដែលខ្វះលទ្ធភាពក្នុងការសិក្សាទាំងថ្នាក់វិទ្យាល័យ និងថ្នាក់សាកលវិទ្យាល័យ។ ដោយមានការជ្រោមជ្រែងពី អេសស៊ីជី ចែករំលែកក្តីសុបិន សិស្សមួយចំនួនបានបន្តការសិក្សានៅសាកលវិទ្យាល័យ ជាមួយនឹងការសិក្សាដ៏ល្អ និងមានឱកាសដ៏ល្អប្រសើរក្នុងការសម្រេចនូវក្តីសុបិនរបស់ខ្លួន។

កញ្ញា ហ៊ីន សុវល័ក្ខណ៍ ដែលជាសិស្សទទួលបានជោគជ័យដោយសារការទទួលបានអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិនជាច្រើនឆ្នាំ បាននិយាយថា «ឥឡូវនេះខ្ញុំជានិស្សិតឆ្នាំទី៣ ជំនាញឱសថសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ឥឡូវនេះក្តីសុបិនខ្ញុំ មិនមែននៅត្រឹមតែជាក្តីសុបិនទៀតទេ ប៉ុន្តែវាលើសពីក្តីសុបិនទៅទៀត ព្រោះថាវាបានក្លាយជាការពិត។ ដោយសារតែខ្ញុំ មកពីគ្រួសារក្រីក្រ ដូច្នះទើបខ្ញុំមិនដែលស្រមៃថា ខ្ញុំអាចមកដល់ថ្ងៃនេះទេ»។

លើសពីនោះ កញ្ញាបន្ដថា «អេសស៊ីជី ចែករំលែកក្តីសុបិន មិនត្រឹមតែបានជួយខ្ញុំផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយលើកទឹកចិត្តខ្ញុំផងដែរ ដោយបានជួយឱ្យខ្ញុំអាចឆ្លងកាត់នូវឧបសគ្គជាច្រើនក្នុងជីវិត ទោះបីជាខ្ញុំក្រីក្រយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនដែលភ្លេចនូវភាពលំបាកនៅក្នុងជីវិតខ្ញុំឡើយ ដូច្នេះជាការតបស្នងសងគុណ ខ្ញុំប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅរបស់ខ្ញុំឱ្យបាន នោះគឺបំណងប្រាថ្នាក្នុងការជួយដល់គ្រួសារ សង្គម និងជាពិសេសសិស្សក្រីក្រដែលជួបការលំបាកដូចជារូបខ្ញុំ»

ជាមួយគ្នានោះ លោក ហៀវ លីហុ័ង ដែលជាសិស្សទទួលបានជោគជ័យដោយសារការទទួលបានអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន ក៏បានឱ្យដឹងថា «ក្តីសុបិនរបស់ខ្ញុំមិនត្រឹមតែបានក្លាយជាការពិតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងលើសពីក្តីស្រមៃរបស់ខ្ញុំទៅទៀត។ ឥឡូវខ្ញុំជានិស្សិតឆ្នាំទី៣ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុនៅវិទ្យាស្ថាន CamEd Business School។ កាលពី៥ ឆ្នាំមុ ន ខ្ញុំមិនដែលស្រមៃថា ខ្ញុំអាចមកដល់ថ្ងៃនេះឡើយ ព្រោះតែខ្ញុំមកពីគ្រួសារក្រីក្រ។ បន្ទាប់ពីទទួលបានអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិននេះមក ជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរ ឧបសគ្គជាច្រើនក្នុងជីវិតខ្ញុំត្រូវបានកាត់បន្ថយ ហើយវាបានជំរុញទឹកចិត្តឱ្យខ្ញុំខិតខំតស៊ូកាន់តែខ្លាំងដើម្បីសម្រេចនូវក្តីសុបិនរបស់ខ្ញុំ»

លោកប ន្ដថា «ខ្ញុំមិនមែនទទួលបានអាហារូបករណ៍តែម្តងប៉ុណ្ណោះទេ ប៉ុន្តែបន្ទាប់ពីខ្ញុំខិតខំប្រឹងប្រែងសិក្សា អេសស៊ីជី នៅតែបន្តជួយជ្រោមជ្រែងដល់ខ្ញុំជាបន្តបន្ទាប់ រហូតដល់ខ្ញុំរៀនចប់ថ្នាក់វិទ្យាល័យទទួលបាននិទ្ទេស A។ វាពិតជាសមិទ្ធផលដ៏ធំធេងសម្រាប់ខ្ញុំ ហើយខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់។ កម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន បានធ្វើឱ្យក្តីសុបិនរបស់ខ្ញុំក្លាយជាកាពិត និងសម្រេចនូវក្តីប្រាថ្នារបស់ខ្ញុំសម្រាប់អនាគតដ៏ប្រសើរ»។

លោក Panyarak Poolthub ដែលជាឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រថៃ បានបញ្ជាក់ថា «ខ្ញុំសូមកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ អេសស៊ីជី ក្នុងការបង្កើតនូវកម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិន ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៤។ ក្រុមហ៊ុន បានដើរតួយ៉ាងសំខាន់សម្រាប់ទំនួលខុសត្រូវចំពោះសង្គម និងបានលើកកម្ពស់ដល់ការអភិវឌ្ឍន៍ធនធានមនុស្សដែលគួរឱ្យស្ញប់ស្ញែញ។ គ្មានអ្វីសំខាន់ជាងយុវជនជំនាន់ក្រោយឡើយ ដែលពួកគាត់ គឺជាសសរទ្រូងនៃប្រទេសជាតិ ដ៏មានសក្តានុពលជាពិសេសសម្រាប់ប្រទេសកម្ពុជា»

ទន្ទឹមនឹងនោះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា «ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន អេសស៊ីជីកម្ពុជា សម្រាប់ការជួយជ្រោមជ្រែងដ៏មានតម្លៃនេះដល់ការអប់រំនៅកម្ពុជា ដោយបានផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា តាមរយៈកម្មវិធី «អាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន» ដោយមកដល់បច្ចុប្បន្ននេះ បានផ្ដល់អាហារូបករណ៍លើសពី ១,១០០ នាក់ សម្រាប់សិស្សពូកែ»

អេសស៊ីជី មិនឈប់នៅត្រឹមនេះឡើយ ប៉ុន្តែ អេសស៊ីជី មានបំណងប្រាថ្នានៅតែបន្តផ្តល់កម្លាំងចិត្ត និងជួយជ្រោមជ្រែងដល់ការអប់រំនៅកម្ពុជា និងជួយដល់សហគមន៍ ដែលការជួយជ្រោមជ្រែងនេះវាមានន័យលើសពីកម្មវិធីអាហារូបករណ៍ទៅទៀត។ ថ្ងៃនេះ អេសស៊ីជី ផ្តោតសំខាន់ទៅលើការធ្វើឱ្យក្តីសុបិនក្លាយជាការពិត ដែលមិននៅត្រឹមតែជាអាហារូបករណ៍ ប៉ុន្តែគឺជាអ្វីដែលអាចបំពេញនូវបំណងប្រាថ្នាសម្រាប់សិស្សានុសិស្ស គ្រួសារ និងសហគមន៍ផងដែរ៕