(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបំពាក់គ្រឿងឥស្សរិយយស សហមេត្រីជូនសាស្រ្តាចារ្យជប៉ុន ចំនួន៣នាក់ ដែលមានស្នាដៃឆ្នើម ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យកសិកម្ម នៅសាកលវទ្យាល័យភូមិន្ទកសិកម្ម។

សាស្រ្តាចារ្យជប៉ុន ទាំង៣នាក់នេះ រួមមាន៖ បណ្ឌិត Takano Katsumi សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកសិកម្មតូក្យូ សាស្រ្តាចារ្យ Yoichi Sakata និងសាស្រ្តាចារ្យ Hironobu Shiwachi រួមជាមួយជំនាញការកូរ៉េ ប្រចាំអង្គការ KOPIA កម្ពុជា១នាក់ គឺ Mr. Song, KL DEUK។ ពិធីនេះ បានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម។

លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវអំណរសាទរដោយស្មោះ ចំពោះសាស្រ្តាចារ្យទាំង៤រូប ដែលទទួលបានគ្រឿងឥស្សរិយយស នាពេលនេះ ហើយនេះគឺជាសក្ខីភាព បង្ហាញពីការខិតខំប្រឹងប្រែង តស៊ូ លះបង់ និងចែករំលែកបទពិសោធន៍ល្អៗ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យកសិកម្មកម្ពុជា ប្រកបដោយគុណភាព។

គ្រឿងឥស្សរិយយសនេះ មិនត្រឹមតែមានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់សាស្រ្តាចារ្យផ្ទាល់ និងក្រុមគ្រួសារប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាកិត្តិយសយ៉ាងឧត្តុងឧត្តម សម្រាប់សាកលវិទ្យាល័យទាំងពីរ និងអង្គការ KOPIA ជាពិសេសសម្រាប់ប្រទេសជាតិយើងទាំងបី (កម្ពុជា ជប៉ុន និងកូរ៉េ) ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ពេញលេញ និងយូរអង្វែងក្នុងការចូលរួម អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា តាមរយៈការអភិវឌ្ឍ និងលើកកម្ពស់ធនធានមនុស្ស ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ភ្ជាប់ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ លោករដ្ឋមន្ត្រីកសិកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ របស់សាកលវិទ្យល័យភូមិន្ទកសិកម្ម ក្នុងនាមស្ថាប័ន ឧត្តមសិក្សាដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើ ឲ្យវិស័យកសិកម្មធានាបានទាំងបរិមាណ និងគុណភាព តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយបណ្តាសាកលវិទ្យាល័យអន្តរជាតិនានា នៅទូទាំងពិភពលោក។

លោករដ្ឋមន្ត្រី វេង សាខុន ក៏បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកូរ៉េ ដែលបានជួយគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនតាមរយៈ គម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលធនធានដ៏មានតម្លៃនេះ បានចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងពេលអនាគត ធានាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើវិស័យកសិកម្ម។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីកសិកម្ម សង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកូរ៉េ ជាពិសេសសាកលវិទ្យាល័យតូក្យូ នឹងបន្តគាំទ្រ និងជួយអភិវឌ្ឍធនធានមនុស្ស សម្រាប់បម្រើឲ្យវិស័យកសិកម្ម កាន់តែចម្រើនឡើងថែមទៀត នាពេលអនាគត។

តាមរបាយការណ៍របស់លោកបណ្ឌិត ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យកសិកម្មតូក្យូ ក្នុងរយៈពេលជាង១០ឆ្នាំនេះ ទទួលបានលទ្ធផលសំខាន់ៗជាច្រើនដូចជា៖

ទី១៖ ផ្តល់អាហារូបករណ៍ ដល់មន្រ្តី និងនិស្សិតទៅបន្តការសិក្សាថ្នាក់បរិញ្ញា បរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិតបានចំនួន១៣នាក់ និងអាហាររូបករណ៍ដល់និស្សិត ឲ្យទៅចូលរួមសិក្ខាសាលា និងសន្និសីទវិទ្យាសាស្រ្ត ជារៀងរាល់ឆ្នាំ។
ទី២៖ បានសហការរួមគ្នាអនុវត្តគម្រោង ដើម្បីអភិវឌ្ឍន៍កសិកម្មសរីរាង្គ និងអភិរក្សបរិស្ថាន នៅខេត្តកំពង់ចាម ក្រចេះ មណ្ឌលគិរី តាកែវ និង បាត់ដំបងបានចំនួន៨គម្រោង។ គម្រោង ក៏បានផ្តល់ជាកន្លែងធ្វើការអនុវត្តន៍ ការស្រាវជ្រាវ និងការធ្វើកម្មសិក្សារបស់គ្រូ និងនិស្សិតដើម្បីផ្សាភ្ជាប់ការសិក្សាទ្រឹស្តី និងការអនុវត្តន៍។
ទី៣៖ បានសាងសង់អាគារវិទ្យាស្ថានមួយខ្នង សម្រាប់បម្រើការងារគម្រោង និងបានផ្តល់កន្លែងធ្វើកម្មសិក្សា និងអនុវត្តន៍ជាក់ស្តែងដល់និស្សិតបានជាច្រើនរូប។
ទី៤៖ បានជួយពង្រឹងសមត្ថភាពសាស្រ្តាចារ្យ និងនិស្សិត លើការសិក្សាស្រាវជ្រាវ តាមរយៈសន្និសីទវិទ្យាសាស្រ្តអន្តរជាតិផងដែរ។
ទី៥៖ ការបង្កើតវិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថាន ហៅកាត់ អេរ៉េកុន (Institute of Environmental Rehabilitation and Conservation (ERECON)។

ដោយឡែក លទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអង្គការ KOPIA វិញមានជាអាទិ៍៖

ទី១៖ គម្រោងបណ្តុះបណ្តាលកសិករបង្កើតសហគមន៍ ផលិតកម្មមាន់សាច់ រយៈពេល៥ឆ្នាំ នៅខេត្តកណ្តាល និងខេត្តតាកែវ។
ទី២៖ គម្រោង ស្រាវជ្រាវ ដំទ្បូងបារាំង គម្រោងនេះ បានបង្កើតមន្ទីរពិសោធន៍ស្រាវជ្រាវដំទ្បូងបារាំង និងបានធ្វើការពិសោធន៍ លើទីវាលនៅខេត្តមណ្ឌលគិរី និងពោធិ៍សាត់។
ទី៣៖ គម្រោងស្រាវជ្រាវផលិតកម្មផ្សិតតាមបែបបច្ចេកទេសទំនើប
ទី៤៖ បានផ្តល់អាហារូបករណ៍ ដល់សាស្រ្តាចារ្យឲ្យចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលខ្លីៗនៅក្រៅប្រទេស៕