(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានប្រគល់ជូនក្រដាសប្រាក់គំរូ១៥០០០រៀល និងប័ណ្ណប្រកាសធនប័ត្រ ដល់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ សម្រាប់តាំងបង្ហាញនៅវិមានឈ្នះឈ្នះ។

សូមជម្រាបថា រូបភាពវិមានឈ្នះ-ឈ្នះ ត្រូវបានរំលេចឡើងលើក្រដាសប្រាក់ប្រភេទ១៥០០០រៀល ដើម្បីជាការរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានសារ:សំខាន់ និងប្រកបអត្ថន័យជ្រាលជ្រៅ ចំពោះប្រជាជនខ្មែរ និងប្រទេសជាតិទាំងមូល ដែលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លើសពីនេះក្រដាសប្រាក់ប្រភេទ១៥០០០រៀល ក៏រំលេចនូវរូបចម្លាក់ដំរីក្បាលបីមានស្លាប-គ្រុឌ-ហង្ស ដែលមាននៅជ្រុងទាំងបួននៃខឿនវិមានឈ្នះ-ឈ្នះ ដែលជាសិល្បៈវប្បធម៌របស់ខ្មែរ និងបង្ហាញពីអនុភាពរបស់កម្ពុជា។

ក្រដាសប្រាក់១៥០០០រៀល ត្រូវបានបោះផ្សាយដើម្បីអបអរសាទរក្នុងឱកាសដ៏ មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរី រាជ្យសម្បត្តិនៃព្រះករុណា ជាអង្គម្ចាស់ជីវិត តម្កល់លើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីលក្ខណៈសំគាល់នៃ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល។ លក្ខណៈសំគាល់នៃធនប័ត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀលមានដូចជា៖

១៖ លក្ខណៈទូទៅ
* ទំហំធនប័ត្រមានបណ្ដោយ១៧០មម និងទទឹង៧៥មម
* ពណ៌ចម្បង គឺពណ៌ស្វាយ ពណ៌ស៊ីជម្ពូ និងពណ៌ខៀវ

២៖ ផ្នែកខាងមុខ
* ផ្ទៃកណ្ដាលខាងស្ដាបត្រូវបានរំលេចឡើងនូវព្រះឆាយល័ក្ខណ៍មើលចំពីមុខនៃ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿងព្រះមហាក្សត្រ ដោយផ្ទៃខាងក្រោយត្រូវបានតែងលំអរដោយក្បាច់ចម្លាក់ជាប្រពៃណី ក្នុងព្រះបរមរាជវាំងភ្នំពេញ ជាមួយអក្ស «មួយម៉ឺនប្រាំពាន់រៀល» នៅពីលើព្រមទាំងហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគក្បាល៧ នៅប្រាសទអង្គរវត្ត និងមានបង្អួចថ្លារាងចតុកោណស្មើបញ្ឈរកែង និងមានសមាសធាតុជាប៉ូលីមើរ នៅអមក្បែរនោះ។

* ផ្នែកខាងស្ដាំខាងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» ខិតមកក្រោមមានលេខមាលាបោះពុម្ពដោយទឹកខ្មៅពីរពណ៌ គឺតួមាលានិងលេខ១៥ បោះពុម្ពដោយទឹកខ្មៅព័ណ៌ក្រហម និងលេខ៦ខ្ទង់ទៀតបោះពុម្ភដោយទឹកខ្មៅពណ៌ខ្មៅ នៅពីក្រោនោះមានលេ (១៥០០០) និង (15000) និងមានអក្សរថា អ្នកក្លែងក្រដាសប្រាក់នឹងត្រូផ្ដន្ទាទោសតាមច្បាប់ នៅគែមខាងក្រោយ ហើយនៅគែមខាងស្ដាំនៃក្រដាសប្រាក់មានរូប ភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលឆ្លុះឃើញលេខ15000។

* ផ្នែកខាងឆ្វេងខាងលើមានរូបព្រះសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ«15000» ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោមនោះ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ១០មម កាត់ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម ហើយនៅជ្រុងខាងក្រោមមានគំនូសបន្ទាត់ សម្រាប់ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។

៣៖ ផ្ទៃខាងខ្នង

ផ្នែកកណ្តាលត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជបិតា និងព្រះវររាជមាតា ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី និងមានអក្សរ (មួយម៉ឺនប្រាំពាន់រៀល) នៅពីក្រោម និងអក្សរ
(Congratulations the 15th Anniversary of the Coronation of His Majesty Preah Bat Samdach Boromneth NORODOM SIHAMONI(29 October 2004-29
October 2019) នៅគែមក្រដាសប្រាក់។

* ផ្នែកខាងស្តាំត្រូវបានរំលេចឡើង នូវរូបវិមានឈ្នះឈ្នះ ព្រមទាំងរូបចម្លាក់ថ្ម ដំរីក្បាល
បី មានស្លាបគ្រុឌ-ហង្ស នៅជ្រុងទាំង៤នៃខឿនវិមានឈ្នះឈ្នះ និងមានបង្អួចថ្លារាងចតុកោណ ស្មើបញ្ឈកែងមានសមាសភាពជាប៉ូលីមើរ នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាពទំហំ៤មម នៅផ្នែកខាងឆ្វេង ហើយនៅជ្រុងលើខាងស្តាំមានលេខ(15000)ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ។

* ផ្នែកខាងឆ្វេងខាងលើមានអក្សរ (ធនាគារជាតិនៃកម្ពុជា) និងអក្សរ (NATIONAL BANK OF CAMBODIA) ខិតមកក្រោមមានចារឹកអក្សរ (អបអរសាទរខួប១៥ឆ្នាំនៃការគ្រងរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី (២៩
តុលា ២០០៤-២៩ តុលា ២០១៩) ព្រមទាំងលេខ2019 និងលេខ 15000 នៅពីក្រោមនោះ។
នៅគែមខាងឆ្វេង នៃក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលឆ្លុះឃើញលេខ15000៕