(បាត់ដំបង)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌាត្រៀមផ្ដល់អាហារូបករណ៍លើជំនាញជាច្រើនដល់និស្សិតកម្ពុជាប្រមាណ ២៣កន្លែងបន្តទៀតសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ បន្ទាប់ពីមហាយក្សអាស៊ីមួយនេះ ក៏បានផ្ដល់អាហារូបករណ៍ដល់កម្ពុជាជាបន្តបន្ទាប់មកហើយដែរ តាំងឆ្នាំ១៩៨១មក។

ជំនាញសិក្សាទាំងនោះមានដូចជា វិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច ព័ត៌មានវិទ្យា (IT) គ្រប់គ្រង ភាសាសំស្ក្រឹត គណនេយ្យ ព្រះពុទ្ធសាសនាជាដើម។

កំលុងពេលចុះផ្សព្វផ្សាយកម្មវិធីផ្ដល់អាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌា នៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងខេត្តបាត់ដំបង លោក Adarsh Kumar Mishra លេខាទី២នៃស្ថានទូតឥណ្ឌាទទួលបន្ទុកផ្នែកអប់រំ និងពាណិជ្ជកម្ម បានបញ្ជាក់ថា តាំងពីឆ្នាំ១៩៨១មក រដ្ឋាភិបាលឥណ្ឌាបានផ្ដល់អាហារូបករណ៍ដល់កម្ពុជាជាប់រហូតមក ដោយក្នុងមួយឆ្នាំៗមានចាប់ពី ២៣-២៥នាក់។

លោក Adarsh Kumar Mishra បានបន្តថា មកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌាបានផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាប្រមាណ ៣០០នាក់មកហើយ ហើយសម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ និស្សិតកម្ពុជាចំនួន ១៧នាក់ បានទៅសិក្សាបន្តនៅឥណ្ឌារួចហើយដែរ ក្នុងនោះមានទាំងថ្នាក់បណ្ឌិត អនុបណ្ឌិត និងបរិញ្ញាបត្រ ហើយក៏មានទាំងព្រះសង្ឃផងដែរ។

រយៈពេល២ថ្ងៃ មន្ត្រីស្ថានទូតឥណ្ឌាបានចុះផ្សព្វផ្សាយកម្មវិធីអាហារូបករណ៍ ដែលផ្ដល់ដោយរដ្ឋាភិបាលខ្លួន នៅសាកលវិទ្យាល័យចំនួន ៣ រួមមាន៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាកលវិទ្យាល័យបាត់ដំបង និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង។

លោក Adarsh Kumar Mishra បានអះអាងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា (ថ្ងៃទី១) ក្រុមមន្ត្រីរបស់ស្ថានទូតឥណ្ឌា ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក ទួន ភក្ត្រា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ UME និងមានការចូលរួមពីនិស្សិតដែលត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រយ៉ាងច្រើននាក់ទៀត។

សាកលវិទ្យាធិការ UME បានថ្លែងអំណរគុណចំពោះស្ថានទូតឥណ្ឌា ដែលបានចូលរួមរៀបចំឱ្យមានការបញ្ជ្រាបព័ត៌មាន ពាក់ព័ន្ធនឹងការផ្ដល់អាហារូបករណ៍របស់ស្ថានទូតឥណ្ឌានេះ។ លើសពីនេះ ភាគីស្ថានទូតឥណ្ឌា និងសាកលវិទ្យាល័យ UME បានពិភាក្សាបន្ថែមពីបញ្ហាពាក់ព័ន្ធនឹងវិស័យអប់រំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យនេះឱ្យកាន់ជិតស្និទ្ធជាងមុន។

នៅថ្ងៃទី០៧ ខែវិច្ឆិកា (ថ្ងៃទី២) ក្រុមមន្ត្រីនៃស្ថានទូតឥណ្ឌាបានចុះទៅដល់សាកលវិទ្យាល័យបាត់ដំបង និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង ដោយបានជួបជាមួយលោក ជា រដ្ឋា ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យបាត់ដំបង និងព្រះតេជគុណ សៅ សុវិជ្ជា សាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង ព្រមទាំងសង្ឃនិស្សិត និស្សិតនៃសាកលវិទ្យាល័យទាំងពីរជាច្រើនអង្គ/នាក់ទៀត។

សង្ឃនិស្សិត និងក្រុមនិស្សិតនៃសកលវិទ្យាល័យទាំងពីរ ពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រព័ន្ធអប់រំនៅប្រទេសឥណ្ឌា និងលក្ខណៈពិសេសនៃកម្មវិធីផ្ដល់អាហារូបករណ៍របស់រដ្ឋាភិបានឥណ្ឌា ខណៈសាកលវិទ្យាធិការនៃសាកលវិទ្យាល័យទាំងពីរ ក៏បានបង្ហាញក្តីរំពឹងថា និស្សិតភាគច្រើននឹងបន្តការសិក្សានៅប្រទេសឥណ្ឌា សម្រាប់ការសិក្សានៅឆ្នាំក្រោយៗទៀត។

សម្រាប់អ្នកដែលចង់ស្វែងរកអាហារូបករណ៍ ឬចង់ដឹងព័ត៌មានបន្ថែមពីកម្មវិធីផ្ដល់អាហារូបរណ៍របស់រដ្ឋាភិបាលឥណ្ឌាខាងលើនេះ អាចចូលទៅកាន់គេហទំព័រ http://www.a2ascholarships.iccr.gov.in