(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំដោយលោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ និងលោក ឡុង ផលគុណប្រធានមន្ទីរធនធានទឹក ខេត្ត អនុប្រធានក្រុមការងារក្រុមការងារចុះជួយស្រុកសង្កែ និងជាអនុប្រធានចុះជួយឃុំតាប៉ុន ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំតាប៉ុន ដើម្បីចុះពិនិត្យមើលការបូមទឹករបស់មន្រ្តីជំនាញ មន្ទីរធនធានទឹកខេត្ត កំពុងបូមទឹកចេញពីប្រឡាយមេ ដែលនៅសេសសល់ពីការស្រោចស្រពស្រែពលរដ្ឋហើយចូលទៅក្នុងអាងស្តុកទឹកបាដាកវិញដែលអាងនេះ ស្ថិតនៅក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ទុកសម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់នៅពេលខ្វះទឹកក្នុងរដូវប្រាំងខាងមុខនេះនៅឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបង។

លោក កុល វីរក្ស បានឲ្យដឹងថា ដោយមានកិច្ចសហការល្អជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមើលឃើញពីទុក្ខកង្វល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមក លោកបានដឹកនាំក្រុមការងារចុះទៅអន្តរាគមន៍ ដោយយកម៉ាស៊ីនបូមទឹកមន្ទីរជំនាញធុន ៦៥សេសចំនួន ២គ្រឿង មកបូមទឹកចេញពីប្រឡាយមេបង្ហូរចូលទៅអាងស្តុកទឹកវិញអស់រយៈពេលជិត ១ខែហើយនិងនៅបន្តបូមរហូតដល់អស់ទឹក។

លោកប្រធានក្រុមការងារ បានបញ្ជាក់ថា អាងទឹកបាដាកនេះជាអាងបុរាណមួយកន្លែងមានទំហំ ៣០ម៉ឺនម៉ែត្រការ៉េ អាចផ្ទុកទឹកបានជាង ១លានម៉ែត្រគូប ទឹកដែលបានបូមដោយមន្រ្តីជំនាញនេះ គឺទុកទឹកជូនពលរដ្ឋសម្រាប់ការពារប្រើប្រាស់ពេលខ្វះទឹកនៅរដូវប្រាំងខាងមុខ ប៉ុណ្ណោះដោយមិនអនុញាតិ ឬផ្អាកមិនឲ្យបង្ហូរទឹកដាក់ស្រែឡើយ ព្រោះទុកសម្រាប់មនុស្សប្រើប្រាស់សំខាន់ជាងនៅពេលរដូវប្រាំងមានការរាំងស្ងួត។

លោក កុល វីរក្ស បានបញ្ជាក់ថា ការសង្គ្រោះបន្ទាន់អ្វីមួយទៅបានជោគជ័យ ក៏អាស្រ័យដោយមានមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់សហការចូលរួមគិតពីផលប្រយោជន៍ប្រជាពលរដ្ឋ ជាធំ ជារៀងរហូតមកគឺមិនដែលអាក់ខានម្តងណាឡើយ។

ចំពោះថវិកាទិញប្រេងបូមទឹកនេះមួយចំណែកបានមកពីរមន្ទីរធនធានទឹក មួយចំណែកបានមកពីរក្រុមការងារថ្នាក់ជាតិឃុំតាប៉ុន និងមួយចំណែកទៀត បានការចូលរួមពីរសហគមន៍ និងប្រជាជនរស់នៅជុំវិញអាងបាដាក។

ប្រជាពលរដ្ឋនៅក្នុងឃុំតាប៉ុន ទាំងអស់បានថ្លែងអំណរគុណដល់ប្រធានក្រុមការងារថ្នាក់ជាតិ និងប្រធានមន្ទីរជំនាញដែលតែងតែដឹងសុក្ខទុក្ខ និងជួយប្រ
ជាពលរដ្ឋពេលជួបការលំបាកម្តងៗ គឺចុះមកជួយបានគ្រប់ពេលវេលា៕