(កណ្ដាល)៖ លោក អន ស៉ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល បានចាត់មន្រ្តីគយ និងរដ្ឋាករ នៃសាខាគយ និងរដ្ឋាករខេត្តកណ្តាល ឲ្យចុះទៅស៊ើបអង្កេត និងឃ្លាំមើលសកម្មភាពកន្លែងជួសជុលរថយន្ត ស្ថិតនៅភូមិសាស្ត្រឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមការចង្អុលបង្ហាញពី លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លុះព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្តីគយ និងរដ្ឋាករ នៃសាខាគយ និងរដ្ឋាករខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល និងមេឃុំវិហារសួគ៌ ក្រោមការដឹកនាំសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានធ្វើការបង្ក្រាប ទីតាំងចំនួន០៣ ដែលសង្ស័យថា មានការកែច្នៃកាត់តរថយន្តខុសច្បាប់។

យានដ្ឋានទី១ ម្ចាស់ឈ្មោះ យ័ន សោភ័ណ្ឌ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល, ទី២៖ យានដ្ឋានម្ចាស់ឈ្មោះ សេង បូរិន ស្ថិតនៅទីតាំងភូមិអន្លុង ឃុំព្រែតាមាក់ ស្រុកខ្សាច់កណ្ដាល និងទី៣៖ យានដ្ឋានយីហោ លី ហ័រ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ម្ចាស់ឈ្មោះ យ៉ាន កុសល អាយុ២៩ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចាប់ឃាត់ទុកនូវរថយន្តដឹកធុនធំចង្កូតស្តាំ ចំនួន០៦គ្រឿង និងចង្កូតឆ្វេង ចំនួន០៣គ្រឿង, រថយន្តទេសចរណ៍ ចំនួន០៤គ្រឿង និងរថយន្តដឹកទំនិញធុនតូច ចំនួន០១គ្រឿង សរុបទាំងអស់១៤គ្រឿង។

បេសកកម្ម នៃការបង្ក្រាបទីតាំងទាំង៣ខាងលើ ដំណើរការរហូតដល់យប់នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបកម្លាំងចម្រុះអាចដឹក និងនាំយករថយន្តទាំងនោះ ទៅរក្សាទុកនៅតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល និងសាខាគយ និងរដ្ឋាករខេត្តកណ្តាល បានដោយសាររថយន្តទាំងនោះ មិនអាចបើកបរបាន តម្រូវឲ្យប្រើប្រាស់រថយន្តស្ទូច ដើម្បីដឹកជញ្ជូន៕