(ភ្នំពេញ)៖ អំបុក គឺជាអាហារមួយប្រភេទដែលត្រូវបុកចេញពីស្រូវទុំស្រស់ ដែលពលរដ្ឋភាគច្រើននិយមពិសារនៅក្នុងរដូវស្រូវទុំ ឬនៅកំលុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។ បើទោះជាអំបុកជាប្រភេទចំណីអាហាររបស់ពលរដ្ឋខ្មែរតាំងពីបុរាណកាល ក៏ពិតមែន ប៉ុន្តែវិធីសាស្រ្តនៃការធ្វើអំបុករបស់ពលរដ្ឋនៅតាមតំបន់នីមួយៗ អាចនឹងមិនដូចគ្នាទាំងស្រុងនោះទេ។ តួយ៉ាងតំបន់ខ្លះគេបុកអំបុកដោយប្រើត្បាល់បុកដោយដៃ ឯពលរដ្ឋតំបន់ខ្លះក៏ប្រើត្បាល់ធំជាន់ដោយជើង។

បើធ្វើដំណើរតាមផ្លូវជាតិលេខ៦ ពីភ្នំពេញទៅកំពង់ធំ ចាប់ពីខែកក្កដា ដល់ខែធ្នូ នៅចំណុចភូមិសាន់គរខ ឃុំសាន់គរ ស្រុកកំពង់ស្វាយ យើងបានសង្កេតឃើញថា ពលរដ្ឋនៅទីនេះភាគច្រើនបានប្រកបរបរបុកអំបុក ដោយប្រើត្បាល់ដែលជាន់ដោយជើង។ ហើយអ្វីដែលយើងសង្កេតឃើញប្លែកពីតំបន់ដទៃទៀតនោះ គឺត្បាល់របស់ពលរដ្ឋនៅទីនេះ បានបុកដោយប្រើម៉ាស៊ីនគោយន្តជាជំនួសការប្រើកម្លាំងមនុស្សជាន់ត្បាល់ មិនដូចសម័យមុនទៀតនោះឡើយ។

មិនតែប៉ុណ្ណោះសូម្បីតែការលីងស្រូវឱ្យឆ្អិនមុនបុក និងការរែងអង្កាមចេញពីអំបុក ក៏ប្រជាពលរដ្ឋនៅទីនេះធ្វើដោយប្រើម៉ាស៊ីនផងដែរ។ កត្តានេះ បានធ្វើឱ្យពលរដ្ឋរស់នៅភូមិសានគរខ អាចផលិតអំបុកបានច្រើន ដើម្បីបំពេញតម្រូវការអតិថិជនប្រចាំថ្ងៃ។ ដោយសារភាពច្នៃប្រឌិតនេះ ប្រជាពលរដ្ឋនៅតំបន់នេះជាមធ្យមក្នុងមួយថ្ងៃពួកគាត់អាចបុកអំបុកបានពី៤០ ទៅ ៥០គីឡូក្រាម ទៅតាមតម្រូវការអតិថិនជន។

ចំណែកឯរូបមន្តនៃការបុកអំបុក របស់ប្រជាពលរដ្ឋនៅភូមិសាន់គរខ ឃុំសាន់គរនេះ ត្រូវបានអ្នកស្រី ខន បង្ហាញឲ្យដឹងថា អំបុកឆ្ងាញ់មាន២ប្រភេទទៅតាមប្រភេទស្រូវ ចំពោះស្រូវប្រាំងដែលយកមកធ្វើអំបុកបានឆ្ងាញ់ជាងគេគឺប្រភេទស្រូវ៥៩ ចំណែកឯស្រូវវស្សាដែលយកមកធ្វើអំបុកឆ្ងាញ់ជាងគេគឺប្រភេទស្រូវរំដួល ដោយសារតែមានក្លិនឈ្ងុយ ផ្អែម និងស្ដើងស្រួយស្រួលពិសារ។

អំពីវិធីសាស្រ្តបុកអំបុកឱ្យមានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ និងអនាម័យ គេត្រូវជ្រើសរើសយកស្រូវដែលទំថ្មីៗ បន្ទាប់មកយកស្រូវមកលាងទឹកចេញឱ្យបានស្អាត ទើបយកមកសម្ងួតនៅក្នុងខ្ទះឆា ខ្ទះត្រូវមានចំនួន២ ខ្ទះទី១ មានតួនាទីសម្ងួតស្រូវឱ្យស្ងួត ខ្ទះទី២មានតួនាទីចម្អិតស្រូវឱ្យបានឆ្អិនមុនពេលបុកជាអំបុក។ ដើម្បីដឹងថា ស្រូវឆ្អិនគេត្រូវសង្កេតមើលពណ៌ស្រូវដែលកំពុងលីងនៅក្នុងខ្ទះថាប្ រែជាពណ៌មានក្រម៉ៅ និងចាប់ផ្ដើមផ្ទុះច្រើន។

ការត្រួតពិនិត្យឱ្យបានច្បាស់លាស់ថា ស្រូវឆ្អិតល្អ ឬអត់នេះ? មានប្រយោជន៍ដល់ការរស់ជាតិរបស់អំបុក ព្រោះថា បើស្រូវឆ្អិនល្អ នោះអំបុកនឹងមានក្លិនឈ្ងុយ ស្រួយ និងងាយស្រួលបុក។ តែបើសិនជាលីងអំបុកមិនបានឆ្អិនល្អទេ នោះអំបុកនឹងពិបាកបុក មិនឆ្ងុយ ហើយក៏មិនស្រួយល្អផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺបើអ្នកបរិភោគអំបុកដែលធ្វើចេញពីស្រូវលីងមិនឆ្អិន នោះនឹងធ្វើឱ្យឈឺពោះ រាគរូសជាងដើម។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី ខន ដែលមានបទពិសោធន៍បុកអំបុកជិត១០ឆ្នាំមកហើយ។

ស្រ្តីខាងលើក៏បានចែករំលែកពីវិធីសាស្រ្តក្នុងការរក្សាអំបុកឱ្យបានយូរ ហើយអាចរក្សាក្លិនឈ្ងុយ និងភាពស្រួយរបស់អំបុកឱ្យបានយូរដែរថា «នៅពេលដែលយើងរែងអំបុក និងរើសយកកម្ទេចអង្កាម ឬផ្កាស្មៅចេញពីអំបុករួចហើយ គឺត្រូវដាក់ចូលក្នុងធុងប៉េត្រូដែលសម្អាតបានស្អាត និងស្ងួតភ្លាមតែម្ដង។ ការធ្វើបែបនេះអាចធ្វើឲ្យអំបុកមានភាពឈ្ងុយ និងស្រួយបានយូរជាងដាក់នៅក្នុងថង់»

ងាកមកនិយាយអំពីវិធីសាស្រ្តក្នុងការហូបអំបុកវិញម្ដង ជាធម្មតាពលរដ្ឋខ្មែរភាគច្រើនដឹងហើយថា អំបុកអាចពិសារបានដោយយកទៅលាយជាមួយទឹកដូង សាច់ដូង ទឹកត្នោត ចេក ទឹកកកឈូស ឬស្ករសជាដើម។ ប៉ុន្តែអ្នកស្រី ខន បានឲ្យដឹងពីវិធីសាស្រ្តម្យ៉ាងទៀត គឺការយកអំបុកទៅលីងជាមួយកំពិស ហើយដាក់ម្ស៉ៅស៊ុបបន្តិចដើម្បីបន្ថែមរសជាតិ។ គេអាចធ្វើវិធីម្យ៉ាងទៀត ដោយយកអំបុកលីងជាមួយកំពិសក្រៀមលីងឱ្យស្ងួតតែម្ដង ធ្វើបែបនេះអាចគេអាចរក្សាអំបុកបានយូរ និងមានឱជារសឈ្ងុយឆ្ងាញ់។

យ៉ាងណាមិញដើម្បីចូលរួមលើកទឹកចិត្តដល់អ្នកបុកអំបុក នៅតែបន្តអាពីជនេះបន្តទៀត អ្នកស្រី ខន ក៏ដូចជាពលរដ្ឋអ្នកដាល់អំបុកក្នុងភូមិសានគរខ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យចូលរួមជួយទិញ និងពិសារអំបុកឱ្យបានគ្រប់គ្នា។ អ្នកបុកអំបុកទាំងអស់ ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអំពាវនាវឱ្យពលរដ្ឋពិសារអំបុកជុំគ្នានៅថ្ងៃទី០៩ ខែវិច្ឆិកា ដែលបានធ្វើឱ្យកសិករអាចរកចំណូលបានច្រើនជាងបណ្ដាឆ្នាំកន្លងទៅ៕