(ភ្នំពេញ)៖ ក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON GROUP) ជាក្រុមហ៊ុនក្នុងស្រុកដែលមានភាពស្វាហាប់លើវិស័យបដិសណ្ឋារកិច្ច កសិកម្ម សំណង់ និងការធ្វើពាណិជ្ជកម្មបាននិងកំពុងវិនិយោគលើអាជីវកម្មដែលមានសក្តានុពល និងមានតម្រូវការខ្ពស់ទាំងនេះ ហើយកំពុងពង្រីកសកម្មភាពរបស់ខ្លួន នៅក្នុងផែនការដែលមាននិរន្តរភាព និងយូរអង្វែងស្របតាមកំណើនសេដ្ឋកិច្ច និងស្ថេរភាពនយោបាយរបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON GROUP) ដែលមានអាសយដ្ឋាននៅអាគារលេខ៨០ ផ្លូវ១៣៦ កែងផ្លូវ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បានបើកដំណើរសណ្ឋាគារទីក្រុងមួយមានឈ្មោះថា សាន់ & មូន អឺបិន ហូថេល (SUN & MOON, Urban Hotel) ដើម្បីបម្រើសេវកម្មផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចចាប់តាំងពីឆ្នាំ២០១៥ កន្លងមក ហើយបានឈ្នះពានរង្វាន់ជាច្រើនក្នុងចំនោមសណ្ឋាគារទីក្រុងលំដាប់ផ្កាយ៤នៅព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏កំពុងដំណើរការគម្រោងវិនិយោគសាងសង់សណ្ឋាគារខ្នាតអន្តរជាតិថ្មីមួយទៀតមានឈ្មោះថា សាន់ & មូន រីវឺសាយ ហូថេល (SUN & MOON, Riverside Hotel) លំដាប់ផ្កាយ៤ មានកម្ពស់២៣ជាន់ ដែលមានផ្ទៃក្រឡាសំណង់សរុប ២៨,១១១ម៉ែត្រក្រឡា នៅលើទីតាំងដីឡូតិ៍ទំហំ ៦,៨៩២ម៉ែត្រក្រឡា ស្ថិតនៅក្បាលដីលេខ៣៧៨ ផ្លូវ៤១ (ផ្លូវព្រះនរោត្តម) ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សណ្ឋាគារដ៏ទំនើបថ្មីមួយនេះ គ្រោងនឹងបើកដំណើរការបម្រើសេវាកម្មជូនអតិថិជនជាតិ និងអន្តរជាតិនៅចុងឆ្នាំ២០២១ ខាងមុននេះ។

គម្រោងវិនិយោគថ្មីមួយទៀតរបស់ក្រុមហ៊ុន សាន់ & មូន គ្រុប ដែលបានកំពុងដំណើរការសាងសង់ និងបានបើកលក់ជាផ្លូវការហើយនោះ គឺអាគារលំនៅឋាន ឌឹផឹនីនស៊្យូឡឹ ប្រាយវេទ រ៉េស៊ីដេនស៍ (THE PENINSULAR, PRIVATE RESIDENCES) មានទីតាំងស្ថិតនៅត្រើយខាងកើតស្ពានជ្រោយចង្វារ ក្បែររង្វង់មូលបាយ័ន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

មកដល់ពេលនេះ ក្រុមហ៊ុនបានបង្កើតបុត្តសម្ព័ន្ធថ្មីមួយទៀតគឺ ក្រុមហ៊ុន សាន់ & មូន ឡនឌ្រី សឺវីស ឯ.ក (SUN & MOON LAUNDRY SERVICES Co.,Ltd.) ដែលជាក្រុមហ៊ុនពាណិជ្ជកម្មបម្រើសេវាកម្មផ្នែករោងចក្របោកអ៊ុតខ្នាតធំនៅកម្ពុជា។

នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន សាន់ & មូន ឡនឌ្រី បានសម្ពោធបើកការដ្ឋានសាងសង់រោងចក្របោកអ៊ុតទំនើបរបស់ខ្លួនលំដាប់អន្តរជាតិ នៅលើផ្ទៃដីទំហំ ៤៩០០ម៉ែត្រក្រឡា ស្ថិតនៅក្នងដីឡូតិ៍លេខ១៥១២ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សាន់ & មូន ឡនឌ្រី នឹងបើកបម្រើសេវាកម្មបោកអ៊ុតជូនអតិថិជនជាតិ និងអន្តរជាតិរបស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុននេះ ដែលរោងចក្របោកអ៊ុតដ៏ទំនើបមួយនេះដំណើរការដោយម៉ាស៊ីនបោកអ៊ុតស្វ័យប្រវត្ថិ នាំចូលពីបរទេសដែលមានសមត្ថភាពបោកអ៊ុតក្នុងបរិមាណពី ៥តោន រហូតដល់ ១០តោន ក្នុងមួយថ្ងៃ។

លោក រ៉ាត់ ដារ៉ារ័ត្ន អគ្គនាយករង ក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON GROUP) បានមានប្រសាសន៏ជម្រាបជូនអ្នកសារព័ត៌មានថា រាល់គម្រោងវិនិយោគ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ក្រុមហ៊ុនទៅមុខបាន គឺអាស្រ័យទៅលើប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំរវាង ៧ភាគរយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕