(ភ្នំពេញ)៖ ក្រុមអ្នកគាំទ្រ លោក សម រង្ស៉ី មួយចំនួន នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្តែងការខកចិត្ត និងអស់ជំនឿយ៉ាងខ្លាំងចំពោះលោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ បន្ទាប់ពីលោកបានប្រកាសពន្យារពេលដោយមិនកំណត់ ហើយមិនត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមការសន្យា ព្រមទាំងលេងល្បិចភូតកុហកនៅកណ្តាលអាកាស។
ក្រុមអ្នកគាំទ្រទាំងនោះបានចំអក និងរិះគន់លោក សម រង្ស៉ី ជាបន្តបន្ទាប់ថាជាមនុស្សបោកប្រាស់ ភូតកុហក និងធ្វើបាបសកម្មជនរបស់ខ្លួនបណ្តាលឱ្យមានគ្រោះថ្នាក់ ព្រោះតែនយោបាយមិនប្រាកដប្រជារបស់លោក។
អ្នកលេងហ្វេសប៊ុកឈ្មោះ Monn Kosal បានសរសេរនៅក្នុងអត្ថបទរបស់ Fresh News ពាក់ព័ន្ធនឹងការពន្យារពេលត្រឡប់ដោយមិនកំណត់របស់លោក សម រង្ស៉ី យ៉ាងដូច្នេះថា៖ «នេះហើយ ដែលជាល្បិចឆ្ពិនភ្នែករបស់ សម រង្ស៉ី ដើម្បីឱ្យអ្នកគាំទ្រអស់ចិត្ត»។
Facebook ឈ្មោះ Hung Run ក៏បានសរសេរដែរថា «គាត់មកកម្ពុជាវិញថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០៥៥ទេ បងប្អូនខំធ្វើការទៅ»។
ទន្ទឹមនឹងនេះ Facebook ឈ្មោះ មហាជនបានសរសេរវាយប្រហារថា៖ «ទណ្ឌិត សម រង្ស៉ី ជាជនក្លាហានតែលើបបូរមាត់ "ខ្ញុំអស់ការគាំទ្រ" ទីបំផុត សម រង្ស៉ី បោកប្រាស់អ្នកគាំទ្ររបស់ខ្លួន ព្រោះមិនចូលមកកម្ពុជាតាមការសន្យា ទីបំផុតអ្នកគាំទ្រអស់ជំនឿលើទណ្ឌិត សម រង្ស៉ី ព្រោះតែបោកហើយបោកទៀតជីវិត នយោបាយរបស់ សម រង្ស៉ី បានបញ្ចប់ហើយក្រោយបោកអ្នកគាំទ្រខ្លួន។
ដោយឡែកសម្រាប់ Facebook ឈ្មោះ Zar Glock បានដៀលថា៖ «ពួកអាប្រឆាំងល្មមដឹងខ្លួនហើយហា៎ឱ្យវាបោកដល់ណាទៀត»។
ជាមួយនឹងការវាយប្រហារលើទណ្ឌិត សម រង្ស៉ី នេះ Facebook ឈ្មោះ Samrith Rattana ក៏បានបែរសរសេរលែបខាយជាមួយ Fresh News ថែមទៀតថា៖ «អូនមានបោកណា បង Fresh News អូនគ្រាន់តែកុហក អ្នកគាំទ្រ អូនទេ»។
មិនតែប៉ុណ្ណោះ Facebook ឈ្មោះ Panha Hdkh បានសម្តែងការខឹងសម្បារនឹង លោក សម រង្ស៉ីថា៖ «ឆ្ងល់ច្រើនម្លេះ!!!រង្ស៉ី ដែលនិយាយពិតពីកាលណា»។
Facebook ឈ្មោះ Lee Menghong បានតិះដៀលថា «ឡប់សតិដូរសំបុត្រហោះថ្ងៃ៩ បែរជាទៅ check in ថ្ងៃ៧ គេមានតែ check in ២ម៉ោងមុន ឯងបែរជា check in ២ថ្ងៃមុន!?»។
សូមបញ្ជាក់ថា ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសពន្យារពេលដំណើរវិលត្រឡប់មកកម្ពុជាវិញ ដោយមិនកំណត់ពេល បន្ទាប់ពីអាកាសចរណ៍ថៃ មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះ ដោយសារតែគ្មានឈ្មោះក្នុងបញ្ជី។
ទណ្ឌិត សម រង្ស៉ី បានថ្លែងថា «គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រហែលត្រូវពន្យារពេលបន្តិច....ពីព្រោះក្រុមហ៊ុនអាកាសចរណ៍របស់ថៃ មិនឱ្យខ្ញុំឡើងលើយន្តហោះដែលត្រូវហោះមកប្រទេសថៃ ដើម្បីខ្ញុំបន្តដំណើរទៅប្រទេសកម្ពុជា»។
មុនពេលបរាជ័យក្នុងការហោះហើរទៅកាន់ប្រទេសថៃនេះ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអ៊ូចា បានប្រកាសជាមុនថា ថៃនឹងមិនអនុញ្ញាតឱ្យ លោក សម រង្ស៉ី ជាន់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាឡើយ៕