(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចាប់ផ្ដើមពង្រាយធុងសំរាមចំនួន១,៥៥៦ធុង នៅតាមសួនច្បារ និងចិញ្ចើមផ្លូវសាធារណៈ ក្នុងតំបន់សប្បាយភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ នេះបើតាម Facebook របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានចុះផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកានេះ។

មន្ទីរសាធារណការ រាជធានីភ្នំពេញ បានសរសេរយ៉ាងដូច្នេះថា «នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងពង្រាយធុងសំរាម ចំនួន១៥៥៦ធុង នៅតាមសួនច្បារ និងចិញ្ចើមផ្លូវសាធារណៈ ក្នុងតំបន់សប្បាយភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ សូមចូលរួមការគ្រប់គ្រងសំរាមឲ្យបាន ដើម្បីបរិស្ថាន និងសុខភាព! »

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ។ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដើរលេងកម្សាន្តក្នុងព្រះរាជពិធីនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ សរុបជិត២ម៉ឺននាក់។

ក្រៅពីកម្លាំងប្រដាប់អាវុធជិត២ម៉ឺននាក់នេះ រាជរដ្ឋាភិបាល បានត្រៀមកម្លាំងពិសេសផ្សេងទៀត ដើម្បីត្រៀមការពារ និងអន្ដរាគមន៍ ពេលមានបញ្ហាផ្សេងៗ។ ក្នុងនោះ ក្រុមគ្រូពេទ្យក៏ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់ប្រជាពលរដ្ឋ មានបញ្ហាសុខភាពផងដែរ។

ដោយឡែកទូករាជធានីភ្នំពេញ ដែលត្រូវចូលរួមប្រណាំងឆ្នាំ២០១៩នេះ មានចំនួន៥៥ទូក មកពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ ក្នុងនោះ ទូកអុំបុរស ៣៨ទូក, ទូកចែវ ៤ទូក, ទូកខ្នាតអន្តរជាតិ ១៣ទូក (នារី២ទូក)៕