(កណ្តាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងអនុប្រធានទី១នៃគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម បានដឹកនាំក្រុមការងារ និងកីឡាករប្រណាំងទូក រួមទាំងប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ខេត្តកណ្តាល ជាច្រើនពាន់នាក់ រៀបចំពិធីហូបអំបុកសាមគ្គី អកអំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ ប្រកបដោយក្តី សប្បាយរីករាយ និងដើម្បីជាការចូលរួមអបអរ ការដាក់ទូកចុះក្នុងទឹក របស់កីឡាករប្រណាំងទូក ដែលមានក្នុងស្រុកល្វាឯម រហូតដល់១៩ទូក។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការហូបអំបុកនៅថ្ងៃទី០៩ វិច្ឆិកានេះ គឺជាការហូបអំបុក ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ និងដើម្បីការពារនូវសុខសន្តិភាព ព្រោះប្រទេសដែលមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ និងអាចធ្វើឱ្យប្រជាពលរដ្ឋមានឱកាសទៅណាមកណាមិនមានការភ័យខ្លាច និងទទួលបានឱកាស សប្បាយរីករាយ ប៉ុន្តែមានមនុស្សខ្លះមិនចង់ឱ្យយើងសប្បាយរីករាយនោះទេ បែរជាមកអំពាវនាវឱ្យប្រជាពលរដ្ឋ ទៅធ្វើចលនាក្បត់ជាតិ ខុសនឹងច្បាប់ ដើម្បីចង់បានអំណាច ដោយការចង់ផ្តួលរំលំរាជរដ្ឋាភិបាល ហើយបើពលរដ្ឋទៅតាមពួកអស់នោះ វានឹងនាំឱ្យប្រទេសយើងបាត់បង់សន្តិភាព និងបាត់បង់ឱកាសជួយជុំគ្នាដោយសប្បាយរីករាយ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀតថា នៅក្នុងឱកាសបុណ្យប្រពៃណីជាតិ ដែលជាឱកាសដែលធ្វើឱ្យបងប្អូនសប្បាយរីករាយ បែរជាពួកប្រឆាំងមួយក្តាប់តូចនោះ មិនបាននាំគ្នាអំពាវនាវឱ្យប្រជាពលរដ្ឋសប្បាយរីករាយជាមួយគ្នានោះទេ បែរជានាំគ្នាអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើអំពើខុសច្បាប់ទៅវិញ ហើយបើប្អូនទៅធ្វើតាមពួកប្រឆាំងនោះ និងមិនបានអីដល់ប្អូនក្រៅពីទុក្ខវេទនានោះទេ ព្រោះបើប្រទេសអសន្តិសុខហើយ យើងមិនអាចរស់នៅបានស្រួលនោះទេ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយទាំងអស់គ្នា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីប សំពះព្រះខែទាំងអស់គ្នា និងមិនត្រូវជឿជាដាច់ខាតទៅលើក្រុមក្បត់ជាតិ ដែលតែងតែកុហកបងប្អូនប្រជាពលរដ្ឋរហូតមក។

នៅក្នុងឱកាសនោះដែរលោក គង់ វិបុល ក៏បានណែនាំដល់ក្រុមការងារ គណៈកម្មការ និងក្រុមកីឡាករទូក ង ត្រូវគោរពវិន័យ បទបញ្ជា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ពិសេសត្រូវខិតខំរួមកម្លាំងគ្នា ដើម្បីធ្វើយ៉ាងណាឱ្យល្បឿនទូក.ង បានកាន់តែលឿនជាងមុនថែមទៀត និងយកជ័យជម្នះឱ្យបាន ដើម្បីជួយលើកកម្ពស់មុខមាត់ជូនខេត្ត។

ជាមួយគ្នានោះលោកក៏បានសន្យាជួយឧបត្ថម្ភ ដល់ទូកណាដែលទទួលបានលេខ១ និងឧបត្ថម្ភបន្ថែម៥លានរៀល លេខ២ ទទួលបាន៣លានរៀល និងលេខ៣ ទទួលបាន២លានរៀលផងដែរ។

សូមជម្រាបថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងក៏ជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមពិសាអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ដែលជាការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីប្រឆាំងគម្រោងធ្វើរដ្ឋប្រហារ និងផ្តួលរំលំរបបរាជានិយម ពីសំណាក់ក្រុមឧទ្ទាម ក្បត់ជាតិ សម រង្ស៉ី៕

Advertising