(ភ្នំពេញ)៖ ពិធីហូបអំបុកគ្រឹស្ទបរិស័ទ ក្រោមប្រធានបទអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ស្របពេលប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល បានរៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា ១៩៥៣ និង៩ វិច្ឆិកា ២០១៩ ព្រមជាមួយពិធីជួបជុំហូបអំបុក ជុំមហាគ្រួសារខ្មែរទូទាំងប្រទេស ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រុមជំនំគ្រឹស្ទបរិស័ទនៅកម្ពុជា បានរៀបចំពិធីទទួលទានអំបុក ក្រោមប្រធានបទ អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ក្រោមអធិបតីភាព លោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។

លោក សៀ សុភ័ក្រ្ត បានថ្លែងថា សកម្មភាពហូបអំបុកខ្មែរក្រោមប្រធានបទ ហូបអំបុកខ្មែរ ថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ គឺបានឆ្លុះបញ្ចាំងអំពីកម្ពុជា ក្នុងសុខសន្តិភាព ការអភិវឌ្ឍន៍ វឌ្ឍនៈភាពសង្គម លទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស សុខដមនីយកម្មនៃប្រជាជាតិខ្មែរ ដែលកើតមានឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត នៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលខិតខំគ្មានថ្ងៃយប់ ការសម្រាក សំដៅធ្វើយ៉ាងណាឲ្យកម្ពុជា ទទួលបាននូវសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រះវិហារគ្រឹស្ទបរិស័ទ ព្រមជាមួយសក្តានុពល នៃកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយភាពជឿជាក់ និងទំនូលខុសត្រូវ ចំពោះប្រជាពលរដ្ឋកម្ពុជា។

លោកបន្ដថា កម្ពុជា ក្នុងទំនើបភាវូបនីយកម្មសម័យបច្ចេកវិទ្យាទំនើប បាននាំមកនូវភាពសប្បាយរីក ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងសម័យ សម្តេចតេជោ។ តេជោតេជៈពន្លឺចែងចាំងច្បាស់ អំពីសារៈសំខាន់នៃសន្តិភាពដែលកម្ពុជា មានពិតជាបានបង្ហាញ ឲ្យសកលលោកមានការកោតសសើរ និងអ្វីៗទាំងអស់ដែល កម្ពុជាសម្រេចបាន ក្នុងរយៈពេលមួយដ៏ខ្លី។ ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ក៏ដូចជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកម្ពុជាគ្រប់ៗរូប ប្តេជ្ញាថែរក្សា ឯករាជ បូរណភាពទឹកដី សុខសន្តិភាព ការអភិវឌ្ឍន៍ មួយដ៏ពិតប្រាកដនិងឥតងាករ៉េ។

លោក សៀ សុភ័ក្រ្ត បន្ថែមទៀតថា ស្នាមញញឹមនៃគ្រឹស្ទបរិស័ទកម្ពុជា បានបង្ហាញនូវការគាំទ្រ ថែរក្សាសន្តិភាពសម័យតេជោសែន ដើម្បីនាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាពទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។ ឯករាជ បូរណភាពទឹកដី សន្តិភាព គឺជាអ្វីៗទាំងអស់ដែលប្រជាពលរដ្ឋ នៅទូទាំងសកលលោកប្រាថ្នាចង់បាន និងរស់នៅប្រកបដោយក្តីសង្ឃឹម៕