(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០១៩ និងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភោជនីយដ្ឋាន បៀរហ្គារដិន «សួនឬស្សី» បានប្រកាសឱ្យប្រជាពលរដ្ឋ និងចំណុះទូកទាំងអស់ អាចមកពិសាអំបុក ដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ។

បើតាមអ្នកគ្រប់គ្រងភោជនីដ្ឋាន «សួនឫស្សី» បានឱ្យដឹងថា ការរៀបចំឱ្យមានការពិសាអំបុកនេះ បានធ្វើឡើងស្របតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស។

លោកបានបន្តថា ដូច្នេះ ក្នុងនាមជាវិស័យឯកជនមួយដែលកំពុងតែប្រកបរបររស៊ី ដោយសេរីនៅក្នុងប្រទេសកម្ពុជានោះ គឺមានតែទឹកចិត្តបន្តិចបន្តួច ទៅតាមលទ្ធភាពរបស់ខ្លួន ដោយបានរៀបចំពិធីហូបអំបុកនេះឡើង ហើយអំបុកដែលរៀបចំរយៈពេល៤ថ្ងៃនេះ រួមមាន៖ អំបុក ទឹកដូង ចេក និងស្ករផែន ផងដែរ។

ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គី របស់ប្រជាពលរដ្ឋ ក្នុងការទទួលទាន អំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ការទទួលទានអំបុកនេះ ដោយបង្ហាញថា ប្រជាពលរដ្ឋស្រឡាញ់សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យផងដែរ។

ភោជនីយដ្ឋាន បៀរហ្គារដិន «សួនឬស្សី» មានរៀបចំម្ហូបសម្រាប់ថ្ងៃត្រង់ ពេលល្ងាច ព្រមទាំងមានបម្រើសេវាកម្មរៀបចំខួបកំណើត ពិធីជប់លៀង និងកម្មវិធីផ្សេងៗ ដែលមានទីតាំងស្ថិតនៅផ្លូវ OCIC ត្រើយខាងកើត រង្វង់មូលជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ថែមពីនេះ អតិថិជនកក់តុមុន នឹងបញ្ចុះតម្លៃ១០ភាគរយ លើគ្រប់មុខម្ហូបផងដែរ៕